ទីបំផុតលោក ចូ បៃដិន ត្រូវបានមេដឹកនាំសំឡេងភាគច្រើន នៃព្រឹទ្ធសភាអាមេរិកព្រមទទួលស្គាល់ជាប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកជាផ្លូវការ
អាមេរិក៖ មេដឹកនាំសំឡេងភាគច្រើន នៃព្រឹទ្ធសភាអាមេរិក លោក Mitch McConnell បានទទួលស្គាល់លោក ចូ បៃដិន ជាលើកដំបូងថា ជាប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃ១៥ ខែធ្នូ ឆ្នាំ២០២០ ។
ការទទួលស្គាល់ជាផ្លូវការនេះ បានកើតមានឡើងបន្ទាប់ពីអង្គបោះឆ្នោតបានបោះឆ្នោតទទួលស្គាល់ជាផ្លូវការ លើជ័យជម្នះរបស់លោក ចូ បៃដិន ដើម្បីអោយលោកក្លាយជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក ។
លោក Mitch McConnell បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អង្គបោះឆ្នោតបានសម្រេចហើយ ដូច្នេះថ្ងៃនេះ ខ្ញុំសូមអបអរសាទរចំពោះលោក ចូ បៃដិន ប្រធានាធិបតីជាប់ឆ្នោត ហើយខ្ញុំក៏ចង់អបអរសាទរអនុប្រធានាធិបតី ដែលជាសហការីរបស់យើងមកពីរដ្ឋកាលីហ្វ័រញ៉ា គឺលោកស្រីកាម៉ាឡា ហារីស ផងដែរ ៕