ក្រុមហ៊ុន Visa ស្វាគមន៍រាល់បណ្តាធុរកិច្ចឈានមុខនៅអាស៊ីប៉ាស៊ីហ្វិក ក្នុងការចូលរួម និងទទួលយកឱកាសបង្ហាញនូវសក្តានុពលរបស់ខ្លួនជាសកល
ភ្នំពេញ៖ Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោក បាននិងកំពុងប្រកាសអំពី “កម្មវិធី accelerator” សម្រាប់អ្នកដែលទើបចាប់ផ្តើមអាជីវកម្មនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានគោលបំណងពង្រីកប្រតិបត្តិការរបស់ខ្លួនចូលទៅក្នុងទីផ្សារថ្មី ។ Visa នឹងជ្រើសរើសបណ្តារអ្នកបង្កើតធុរកិច្ចថ្មីដ៏ចំណានរហូតដល់ទៅ០ ៦ អាជីវកម្ម ដើម្បីចូលរួមជាមួយកម្មវិធី cohort ដំបូងគេ ។ កម្មវិធី Visa Accelerator នឹងផ្តោតលើការបង្កើតឱកាសពាណិជ្ជកម្មសម្រាប់បណ្តាធុរកិច្ចបង្កើតថ្មី ដើម្បីសហការជាមួយ Visa និងបណ្តាញធនាគារ ព្រមទាំងដៃគូជំនួញជាច្រើននៅក្នុងតំបន់ ។
កម្មវិធី Visa Accelerator ត្រូវបានរចនាឡើងសម្រាប់ប្រភេទអាជីវកម្មដែលបានបង្កើតឡើងជាមួយដំណោះស្រាយដែលទទួលបានជោគជ័យរួចទៅហើយនៅក្នុងទីផ្សាររបស់ខ្លួន ប៉ុន្តែកំពុងតែសម្លឹងឆ្ពោះទៅរកដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន ។ ក្នុងនាមជាក្រុមហ៊ុនពាណិជ្ជកម្មឈានមុខគេមួយនៅក្នុងពិភពលោក Visa ឈរនៅក្នុងតួនាទីដ៏ពិសេសមួយ ក្នុងការជួយដល់ធុរកិច្ចបង្កើតថ្មី ធ្វើយ៉ាងណាឲ្យពួកគេអាចឈានជើងចូលទៅកាន់ភូមិសាស្ត្រថ្មី និងអាចចាប់យកក្រុមអតិថិជនថ្មីៗផងដែរ ។ លោក Chris Clark ប្រធាននាយកប្រតិបត្តិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Visa បានមានប្រសាសន៍ថា៖ “ នៅក្នុងដំណើរការងារប្រចាំថ្ងៃដែល Visa កំពុងធ្វើការជាមួយសហគមន៍ធុរកិច្ចបង្កើតថ្មី យើងបានសម្គាល់ឃើញជាញឹកញាប់ថា ក្រុមហ៊ុនទាំងនោះតែងតែប្រឈមមុខជាមួយនឹងបញ្ហាជាច្រើន នៅពេលដែលពួកគាត់នាំយកអាជីវកម្មដែលជោគជ័យក្នុងតំបន់របស់គាត់ ឆ្លងចូលទៅក្នុងទីផ្សារថ្មីមួយទៀត។ តាមរយៈជំនាញជាសកលរបស់ក្រុមហ៊ុន Visa យើងអាចជួយដល់ធុរកិច្ចបង្កើតថ្មី ដោយពាំនាំនូវផែនការពង្រីកអាជីវកម្មរបស់ពួកគេ ឆ្ពោះចេញទៅរកពិភពលោកពិតប្រាកដបាន” ។
សេដ្ឋកិច្ចឌីជីថល អាជីវកម្មខ្នាតតូច ផ្តោតសំខាន់លើទិន្នន័យបើកចំហគ្រប់វិស័យ សម្រាប់ធុរកិច្ចបង្កើតដែលចូលរួមក្នុងកម្មវិធី Visa Accelerator នៅអាស៊ីប៉ាស៊ីហ្វិក អ្នកចូលរួមត្រូវត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការលើឱកាសផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យាមួយចំនួនឲ្យបានលឿនជាទីបំផុត។ Visa កំពុងស្វែងរកម្ចាស់ធុរកិច្ចរូបណាដែលចង់ស្វែងរកដំណោះស្រាយលើផ្នែកដូចខាងក្រោម៖
• បង្កើនលទ្ធភាពក្នុងការបញ្ជ្រាបសេដ្ឋកិច្ចឌីជីថលដល់អ្នកប្រើប្រាស់ និងម្ចាស់អាជីវកម្មដែលមានភាពខ្វះចន្លោះ ឬពឹងផ្អែកតែលើសាច់ប្រាក់សុទ្ធ
• ជួយដល់អាជីវកម្មខ្នាតតូច នៅពេលពួកគេកំពុងតែស្វែងរកដំណោះស្រាយនៅក្នុងដំណាក់កាលនៃការផ្លាស់ប្តូរតម្រូវការផ្នែកបច្ចេកវិទ្យា និងផលប៉ះពាល់ដែលកំពុងកើតមានកំឡុងពេលប្រឈមមុខនឹងជំងឺរាតត្បាត COVID-19
• ប្រើប្រាស់ បរិស្ថាននៃទិន្នន័យបើកចំហដែលកំពុងកើនឡើងនៅក្នុងតំបន់ឲ្យអស់លទ្ធភាព ដើម្បីអភិវឌ្ឍបទពិសោធន៍ក្នុងការប្រើប្រាស់ប្រព័ន្ធធនាគារ និងការបញ្ជាទិញទំនិញ
• បង្កើតវិធីថ្មីនៃការចំណាយប្រាក់ដោយមិនពឹងផ្អែកលើកាតឥណទាន និងឥណពន្ធតាមបែបប្រពៃណី
ថ្វីបើប្រទេសកម្ពុជា ជាទីកន្លែងមួយដែលសាច់ប្រាក់សុទ្ធកំពុងតែបន្តមានឥទ្ធិពលក្នុងការចរាចរនាពេលបច្ចុប្បន្ន តែកម្មវិធី Visa Accelerator អាចមានឥទិ្ធពលផ្លាស់ប្តូរសម្រាប់ធុរកិច្ចបង្កើតនៅទីនេះបាន ពីព្រោះតែទំនោរនៃការទូទាត់តាមរយៈឌីជីថលនៅតែមានភាពទាក់ទាញខ្លាំង។ ផ្អែកលើការសិក្សាអំពីឥរិយាបថក្នុងការទូទាត់ប្រាក់របស់អតិថិជនរបស់ Visa នៅក្នុងឆ្នាំ ២០២០ ប្រជាជនកម្ពុជាចំនួន ៤២ ភាគរយ រំពឹងថាប្រទេសនឹងប្រើប្រាស់ការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធនៅថ្ងៃអនាគត។ កម្មវិធី Visa Accelerator នឹងធានាថាអាជីវកម្មនៅកម្ពុជានឹងត្រូវបានបំពាក់ដោយបច្ចេកវិទ្យាជឿនលឿនចុងក្រោយបំផុត លើការទូទាត់តាមរយៈឌីជីថល សម្រាប់ការប្រកួតប្រជែងនៅក្នុងទីផ្សារមួយនេះ ។ លោក Chris បាននិយាយបន្ថែមទៀតថា៖ «មិនខ្វះឡើយនូវដំណោះស្រាយដ៏អស្ចារ្យ សម្រាប់សហគមន៍ធុរកិច្ចបង្កើតនៅអាស៊ីប៉ាស៊ីហ្វិក ។ អ្វីដែលសំខាន់បំផុតសម្រាប់ Visa គឺថាតើយើងអាចគាំទ្រនូវរាល់ដំណោះស្រាយទាំងនោះឲ្យឈានដល់ដំណាក់កាលមួយដែលពួកគេអាចធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយធនាគារនាំមុខ ក្រុមហ៊ុនលក់រាយ ឬ ក្រុមហ៊ុនបច្ចេកវិទ្យាណាមួយក្នុងតំបន់ ក្នុងរយៈពេលត្រឹមតែពីរបីខែបានដោយរបៀបណា។ ភាពខុសគ្នាដ៏ធំមួយសម្រាប់កម្មវិធី Visa Accelerator គឺយើងផ្តោតគោលដៅរបស់យើងទៅលើធុរកិច្ចបង្កើតថ្មី មួយចំនួនតូចដែលបានត្រៀមខ្លួនរួចជាស្រេចដើម្បីនាំអាជីវកម្មរបស់ពួកគេទៅកាន់មួយកម្រិតទៀត» ។
អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ « កម្មវិធី Visa Accelerator គឺជាឱកាសដ៏ល្អមួយដើម្បីធ្វើឱ្យអាជីវកម្មដែលសាកសមនឹងទទួលបាននូវការអភិវឌ្ឍ អាចពន្លឿនវឌ្ឍនភាពរបស់ខ្លួនឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថល។ ខណៈពេលដែលប្រទេសកម្ពុជា ជាកន្លែងដែលមានសក្តានុពលប្រកបដោយភាពច្នៃប្រឌិត ប្រភេទអាជីវកម្មបង្កើតថ្មីមានច្រើន តែខ្វះនូវជំនាញបច្ចេកទេសចាំបាច់ក្នុងការអភិវឌ្ឍន៍ខ្លួន ។ តាមរយៈការផ្តល់ឱ្យពួកគេនូវឱកាសដើម្បីចូលទៅក្នុងបណ្តាញអតិថិជន និងដៃគូពាណិជ្ជកម្ម របស់ Visa ក៏ដូចជាផ្តល់នូវការគាំទ្រដល់ពួកគេតាមរយៈការផ្តល់នូវដំណោះស្រាយផ្សេងៗ កម្មវិធី Visa Accelerator អាចជួយដល់អ្នកធុរកិច្ចកម្ពុជាដែលមានសមត្ថភាពលេចធ្លោ ឱ្យរីកចម្រើនហួសពីដែនសីមារបស់ខ្លួន» ។
ការចូលរួមជាមួយកម្មវិធី Visa Accelerator គឺជាផ្នែកថ្មីមួយនៃវេទិកា និងសកម្មភាព សម្រាប់សហគមន៍ធុរកិច្ចបង្កើតថ្មីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជាមួយនឹងការយកចិត្តទុកដាក់របស់ខ្លួនក្នុងការគាំទ្រដល់ការអភិវឌ្ឍជាលក្ខណៈអន្ដរជាតិ កម្មវិធី Visa Accelerator គឺកម្មវិធីមួយដ៏សមស្របសម្រាប់ធុរកិច្ចបង្កើតថ្មី ស៊េរី A និងខ្ពស់ជាងនេះ ដែលមានការប្តេជ្ញាចិត្តរយៈពេលវែងឆ្ងាយ ចំពោះការកើនឡើង ក៏ដូចជាប្រតិបត្តិការអាជីវកម្មដែលកំពុងមានស្រាប់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលមាន សុពលភាព និងដំណោះស្រាយដែលបានអះអាង ។
សម្រាប់ព័ត៌មានបន្ថែម និងរបៀបដាក់ពាក្យស្នើសុំ សូមចូលទៅកាន់គេហទំព័រ៖ https://www.visa.com.sg/apaccelerator