អគារថ្មីនៃស្នងការដ្ឋាននគរបាល បុកគ្រឹះសាងសង់ ចំណាយថវិកាជិត ១៥ម៉ឺនដុល្លារ
កំពង់ធំ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានបើកការដ្ឋានក្រុងពាលីបញ្ចុះបឋមសិលា សាងសង់សាលប្រជុំ នៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្ត ក្រោមអធិបតី ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និងលោក លោកស្រី ស្នងការរង លោក លោកស្រីប្រធានការិយាល័យចំណុះ ឲ្យស្នងការខេត្តកំពង់ធំជាច្រើនរូប។
ឧត្តមសេនីយ៍ទោ ម៉ែន លី ថ្លែងថា ដោយសារឃើញអង្គភាពកង្វះសាលប្រជុំ ដែលមានលក្ខណៈធំទូលំទូលាយ ទើបលោកបានដឹកនាំលោក លោកស្រីស្នងការរង និងកងកម្លាំងសាងសង់សាលប្រជុំធំមួយ ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការបំពេញភារកិច្ចកិច្ចប្រជុំនានា ជាពិសេសផ្ដល់ភាពស្រួលក្នុងការបើកវគ្គបណ្ដុះបណ្ដាល រយៈពេលខ្លីលើវិស័យធនធានមនុស្ស ដល់កងកម្លាំងដែលអាចផ្ទុកមនុស្ស ចូលរួមប្រជុំបានជាង៣០០នាក់ និងគ្រោងចំណាយថវិកា១៤៧,០០០ដុល្លារ។
ឧត្តមសេនីយ៍ទោ ម៉ែន លី បញ្ជាក់ ថា អគារសាលប្រជុំដែលកំពុងតែបុកគ្រឹះសាងសង់ មានពីរអាគារ អាគារទី១ មានទំហំ១១ម៉ែត្រ គុណ៣១ ម៉ែត្រ អាចផ្ទុកអ្នកចូលរួមប្រជុំបានជាង៣០០នាក់ មានបន្ទប់ទឹក ប្រុសស្រី ចំណែកអាគារខ្នែង ដែលមានទំហំ៧ម៉ែត្រ គុណ១១ ម៉ែត្រ មានសាលប្រជុំតូច អាចផ្ទុកមនុស្សបាន ជាង១០នាក់ មាន បន្ទប់ទឹក និងបន្ទប់សម្រាប់ទុកសម្ភារ។