អ្នកណាទទួលបានប្រយោជន៍សេដ្ឋកិច្ច ពីផលចំណេញនៃកំណើនធនាគារ

នៅឆ្នាំនេះទោះបីមានបញ្ហាសេដ្ឋកិច្ចកើតឡើងដោយសារជំងឺរាតត្បាតកូវីដ-19 ក៏ដោយ ក៏គេសង្កេតឃើញថា ធនាគារធំចំនួន 2 នៅកម្ពុជា រួមមានធនាគារអេស៊ីលីដា (ABC) និងធនាគារអេប៊ីអេ (ABA) បានបង្ហាញពីសក្តានុពលដ៏ធំធេងរបស់ខ្លួនក្នុងការទទួលបានប្រាក់ចំណេញក្នុងត្រីមាសទី3 ឆ្នាំ2020 នេះ ។

យោងតាមរបាយការណ៍ដែលបានផ្សព្វផ្សាយទៅផ្សារមូលបត្រកម្ពុជា(CSX) ធនាគារអេស៊ីលីដា បានប្រកាសប្រាក់ចំណេញក្រោយពន្ធ 98 លានដុល្លារបង្ហាញពីការកើនឡើង 14% ខណៈធនាគារ ABA ប្រកាសប្រាក់ចំណេញ103 លានដុល្លារ មានការកើនឡើង23% ក្នុងរយៈពេល9 ខែនៃឆ្នាំ 2020 បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុបានប្រាប់ AMS ថា បើមើលទៅលើអ្វីដែលគេបានផ្សព្វផ្សាយរបាយការណ៍លំអិតរបស់ស្ថាប័នទាំង2 គឺសម្រាប់ធនាគារអេស៊ីលីដា លក់ប័ណ្ណភាគហ៊ុន ដូច្នេះរបាយការណ៍ចំណាយចំណូល មានកាតព្វកិច្ចផ្សព្វផ្សាយជាសាធារណៈ។ ប៉ុន្តែជាទូទៅក្នុងវិស័យហិរញ្ញវត្ថុ ទាំងធនាគារ ទាំងមីក្រូហិរញ្ញវត្ថុក្នុងអំឡុងពេលកូវីដ-19 ភាគច្រើនមានបញ្ហាអំពីប្រាក់ចំណេញ និងការរីកចម្រើនមានការថយចុះសម្រាប់វិស័យហិរញ្ញវត្ថុជារួម។

លោកបានបញ្ជាក់ថា៖« ករណីអេស៊ីលីដា និងអេប៊ីអេ អាចនិយាយបានថាធនាគារទាំង2ធ្វើបានយ៉ាងល្អ ដោយបានធ្វើការវិនិយោគយ៉ាងខ្លាំង ជាមួយនឹង បច្ចេកវិទ្យា និងការផ្តល់ជូនឌីជីថល និងអត្រាប្រើប្រាស់របស់អតិថិជនរៀងៗខ្លួន»។

លោកបានបន្តថា ៖ «ទន្ទឹមនឹងដំណាក់កាលកូវីដ-19 ដែលភាគច្រើនរងផលប៉ះពាល់ ការប្រើបច្ចេកវិទ្យាហិរញ្ញវត្ថុ Financial Technologបែរជាមានការកើនឡើងទៅវិញដោយសារប្រជាជនគាត់ជៀសវាងការប្រើប្រាសសាច់
ប្រាក់គាត់ប្រើសេវាដឹកជញ្ជូននិងបច្ចេកវិទ្យាដែលជាផ្នែកមួយធ្វើឱ្យស្ថាប័នទាំងដែលវិនិយោគខ្លាំងទៅលើបច្ចេកវិទ្យា
មានការរីកចម្រើនខ្លាំង»។

លោក កាំង តុងងី បានបញ្ជាក់ថា ៖«ខ្ញុំអាចនិយាយបានថាតើប្រជាពលរដ្ឋទទួលបានផលប្រយោជន៍
អ្វីពីការវិនិយោគបច្ចេកវិទ្យា?ដោយសារមីក្រូហិរញ្ញវត្ថុធំៗដែលទទួលប្រាក់បញ្ញើ គាត់កំពុងវិនិយោគ
ទៅលើការពង្រីកសេវាឌីជីថលរបស់គាត់ តែពួកគាត់នៅពីខាងក្រោយដំណើរការនៃស្ថាប័នទាំងពីរទេ(អេស៊ីលីដា និងធនាគារ អេប៊ីអេ) ។ពោលគឺស្ថាប័ន ទាំងពីរគេដល់ដំណាក់ការទទួលផលហើយ។ និយាយជារួម ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ការវិនិយោគរបស់គ្រឹះស្ថានទៅលើបច្ចេកវិទ្យាដំណាក់កាលកូវីដ-19 នេះ វាមានប្រយោជន៍ខ្លាំងសម្រាប់អតិថិជន ជួយឱ្យអតិថិជនទទួលបានសេវាហិរញ្ញវត្ថុតាមរយៈបច្ចេកវិទ្យា ដោយបានកាត់បន្ថយហានីភ័យនៃការឆ្លងកូវីដ-19។បច្ចេកវិទ្យាក៏បានផ្តល់ភាពងាយស្រូលដល់អ្នកប្រើប្រាស់ កាត់បន្ថយការណាត់ជួប កាត់បន្ថយការចំណាយថវិកា និងការធ្វើដំណើរ និងចំណេញពេលវេលាជាដើម»។

បច្ចុប្បន្ននេះវិនិយោគិនកំពុងជំរុញឱ្យធនាគារឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងធ្វើឌីជីថលរបស់ខ្លួន ដោយគេសង្ឃឹម
ថាការកើនឡើងនៃឌីជីថលនីយកម្ម អាចដោះស្រាយកត្តាទាំងនេះដែលអនុញ្ញាតឱ្យធនាគារបង្កើនប្រាក់ចំណេញ
របស់ពួកគេ និងកែលម្អការត្រឡប់មកវិញរបស់ពួកគេនៅលើសមធម៌មធ្យម (ROAE) ដើម្បីដណ្តើមចំណែក
ទីផ្សារបង្កើនប្រសិទ្ធភាព និងកាត់បន្ថយថ្លៃដើមប្រតិបត្តិការ។

បើតាមលោកយក់ ចំរើនឬទ្ធិ អគ្គនាយកក្រុមហ៊ុន ហ្វតតេ បានប្រាប់ AMSថា ៖ «តាមពិតវាត្រូវការ ការពន្យល់ច្រើន អំពីអ្វីដែលជាកំណើនផលចំណេញនៃធនាគារ និងអ្នកណាទទួលបានប្រយោជន៍សេដ្ឋកិច្ច ពីកំណើននេះ។ តែនៅក្នុងការងារក្រុមហ៊ុន មិនមែនតែអេស៊ីលីដា និងABA ដែលមានប្រាក់ចំណេញ ក្រុមហ៊ុនរក
ស៊ីធំៗផ្សេង ក៏គេចំណេញ រាប់ពាន់លានដុល្លារ គឺមានន័យថា ការចំណេញនេះ គេមានលទ្ធភាព គ្រប់គ្រងតម្លៃ
ដើមរបស់គេបានល្អ ជាងដៃគូប្រកួតប្រជែង»។

លោកអគ្គនាយកបានបញ្ជាក់ថា ៖«យើងប្រកាន់យកទីផ្សារសេរី អតិថិជនអត់មានបង្ខំថាទៅខ្ចីធនាគារណា
មួយទេ ដូច្នេះអតិថិជនមានជម្រើស បើគាត់(ធនាគារ)មានគោលនយោបាយល្អ អតិថិជននឹងទៅរកគាត់ ហើយបើគាត់មានលទ្ធភាពគ្រប់គ្រងតម្លៃដើមរបស់គាត់ទាប គាត់មានភាពប្រកួតប្រជែង អតិថិជននឹង
ទៅរកគាត់ៗនឹងរកផលចំណេញបានកាន់តែច្រើន។ បើតម្លៃដើមខ្ពស់ ការគ្រប់គ្រងតម្លៃដើមមិនបានល្អ នោះគេមិនអាចប្រកួតប្រជែងបានទេ»។

នៅពេលដែលគេទទួលបានផលចំណេញច្រើន អ្នកដែលទទួលផលប្រយោជន៍នោះគឺម្ចាស់ភាគហ៊ុន ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ គឺម្ចាស់ភាគហ៊ុនគាត់បានចំណេញគាត់យកទៅវិនិយោគថែមទៀត ដោយវិលទៅក្នុងប្រព័ន្ធ
សេដ្ឋកិច្ចរបស់ប្រទេស។ ព្រោះថាគាត់វិនិយោគ ដោយត្រូវបង់ពន្ធ 20% នៃប្រាក់ចំណេញ បង់ចូលក្នុងថវិកាជាតិ ហើយអ្នកវិនិយោគតែងតែបង្កកប្រាក់ចំណេញនោះ ដើម្បីរកស៊ីកាន់តែធំ។ នេះបើតាមលោក អគ្គនាយកបាន
បញ្ជាក់ ។

លោក យក់ ចំរើនឬទ្ធិ បានអាះអាងថា ៖« ចំពោះអ្វីដែលជាការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបច្ចុប្បន្ន សម្រាប់ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺដើម្បីថ្លៃដើមគាត់ទាប។ នៅក្នុងសម័យកូវីដនេះការប្រើប្រព័ន្ធ
បច្ចេកវិទ្យាគ្មានអ្វីក្រៅពីធ្វើឱ្យតម្លៃដើមទាបនោះទេ។ ព្រោះតែកាលណាថ្លៃដើមគាត់ទាប គាត់មានការ
ប្រកួតប្រជែងកាន់តែខ្លាំង។ ដូច្នេះអ្នកដែលទទួលបានប្រយោជន៍សេដ្ឋកិច្ចពីផលចំណេញនៃកំណើនធនាគារ គឺមានច្រើនទាំងអ្នកវិនិយោគម្ចាស់ភាគហ៊ុន អតិថិជន និងប្រជាពលរដ្ឋផងដែរ ហើយគេក៏មិនអាចអត់
ធនាគារបានទេ ព្រោះជាអ្នកគ្រប់គ្រងការចរារណ៍ហិរញ្ញវត្ថុសម្រាប់ប្រទេស»៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner