កម្ពុជាស្នើឱ្យទីម័រអនុវត្តMOUដើម្បីនាំអង្ករ៣ម៉ឺនតោនចេញ
កម្ពុជាស្នើឱ្យទីម័រខាងកើត ពន្លឿន ការ អនុវត្តអនុស្សារណៈ នៃប្រទេសទាំងពីរដើម្បីអាចឲ្យកម្ពុជានាំចេញអង្ករ ៣ម៉ឺនតោន ដែលបានព្រមព្រៀងគ្នាទៅទីម័រខាងកើត។ នេះគឺជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ ដែលបានជួប ប្រជុំជាមួយនឹង ឯកអគ្គរាជទូត ទីម័រខាងកើតប្រចាំនៅកម្ពុជា កាលពីថ្ងៃទី ៩ ខែមិថុនាម្សិលមិញ។ លោករដ្ឋមន្ត្រីប៉ាន់សូរស័ក្តិ បានគូសបញ្ជាក់ថា កម្ពុជា បានត្រៀមរៀបចំអង្ករចំនួន ៣ ម៉ឺនតោនរួចជាស្រេចសម្រាប់នាំចេញទៅប្រទេសទីម័រខាងកើត ហើយក៏បានស្នើសុំឱ្យទីម័រខាងកើត ពិនិត្យលទ្ធភាពនឹងផ្ដល់ដំណឹងជូនមកប្រទេសកម្ពុជាវិញ។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការអនុវត្តអនុស្សារណៈយោគយល់គ្នាស្ដីពីពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលបានចុះហត្ថលេខារួចហើយនេះ គឺដើម្បីជាប្រយោជន៍នៃប្រជាជាតិទាំងសងខាង។ បន្ថែមពីនេះទៀត លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានស្វាគមន៍ ឲ្យមានការបើករោងចក្រកិនស្រូវ នៅកម្ពុជាដើម្បីនាំចេញទៅទីម័រខាងកើតថែមទៀតផង។
យ៉ាងណាក៏ដោយមិនមានការឆ្លើយ បែបណានោះទេពីរដ្ឋាភិបាលទីម័រខាងកើត ចំពោះការស្នើសុំរបស់ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា។ ប៉ុន្តែទីម័រខាងកើត បានបញ្ជាក់ផងដែរថា ខ្លួននិងផ្ដល់ការងារចំនួនបីពាន់កន្លែង មកដល់ប្រទេសកម្ពុជា ដើម្បីបម្រើការក្នុងវិស័យប្រេងឥន្ធនៈ បន្ទាប់ពីប្រទេសខ្លួន ដោះស្រាយបញ្ហាជាប់គាំងផ្នែកនយោបាយរួចហើយ៕
