Bill Gates, Amazon និង Bristish Airway បង្ហាញជំហគាំទ្ររួមគ្នាដល់បច្ចេកវិទ្យាហោះហើរគ្មានផ្សែងកាបូន
បរទេស៖ក្រុមហ៊ុនបច្ចេកវិទ្យាថ្មីមួយដែលមានមូលដ្ឋាននៅក្នុងទីក្រុងកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក និងជាក្រុមហ៊ុនដែលមានការប្តេជ្ញាចិត្តថានឹងផលិតឲ្យបាននូវបច្ចេកវិទ្យានៃការហោះហើរថ្មីដោយមិនមានផ្សែងកាបូននោះទើបតែទទួលបាននូវការបោះឆ្នោតការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រុមហ៊ុនធំៗលើសកលលោកចំពោះកិច្ចការងាររបស់ខ្លួន។
ក្រុមហ៊ុន ZeroAvia បច្ចុប្បន្នកំពុងតែធ្វើការងារអភិវឌ្ឍន៍បច្ចេកវិទ្យាហោះហើរដោយប្រើប្រាស់ថាមពលអ៊ីដ្រូសែន ហើយកាលពីថ្ងៃពុធម្សិលមិញនេះបានប្រកាសពីការទទួលបានប្រាក់វិនិយោគប្រមាណជា 21,4 លានដុល្លារពីក្រុមអ្នកវិនិយោគធំៗដូចជា Amazon(AMZN), Shell(RDSB) និងក្រុមហ៊ុន Breakingthrough Energy Ventures ដែលជាក្រុមហ៊ុនមានការគាំទ្រពីក្រោយដោយលោក Bill Gates តាំងតែពីឆ្នាំ 2015 នោះផង។
ក្រៅពីនេះក្រុមហ៊ុនក៏បានចុះហត្ថលេខាទទួលបានកញ្ចប់វិនិយោគពីក្រុមហ៊ុនអាកាសចរអង់គ្លេស British Airway ដើម្បីអាចពន្លឿនការងាររបស់ ZeroAvia បន្ថែមទៀតដែលនេះមានន័យថាមិនដល់មួយសប្តាហ៍ផង ZeroAvia អាចទទួលបានប្រាក់ជំនួយរហូតទៅដល់ 37,7 លានដុល្លារ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានធ្វើឡើងដោយប្រធានប្រតិបត្តិរបស់ ZeroAvia លោក Val Miftakgov បាននិយាយថា៖ជោគជ័យដែលយើងទទួលបានមកទល់ពេលនេះបានធ្វើឲ្យយើងកៀកជិតទៅនឹងការធ្វើបដិវត្តនៃការហោះហើរចេញពីថាមពលហ្វូស៊ីលទាំងស្រុង។
លោកបន្តថា៖ទាំងវិស័យអាកាសចរណ៍និងក្រុមហ៊ុនអ្នកទីផ្សារហិរញ្ញវត្ថុកំពុងតែនាំគ្នាដឹងខ្លួនហើយថាថាមពលអ៊ីដ្រូសែនគឺជាផ្លូវតែមួយគត់ដែលអាចឆ្ពោះទៅរកការហោះហើរប្រភេទពាណិជ្ជកម្មជាលក្ខណៈទ្រង់ទ្រាយធំនិងជាពិសេសនោះគឺគ្មានការបំភាយឧស្ម័នកាបូនឌីអុកស៊ីត៕