ខេត្តស្រះកែវ(ថៃ)លើកសំណើរបើកកិច្ចប្រជុំមួយរជាមួយរដ្ឋបាលខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ(កម្ពុជា) ដើម្បីជំរុញឲ្យមានដំណើរសេដ្ឋកិច្ចតំបន់ឡើងវិញនិងក្រោយពីបិទមួយរយៈដោយសារតែការឆ្លងរាតត្បាតពីកូវីដ-19 កន្លងមក
កិច្ចប្រជុំមួយរវាងរដ្ឋបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ និងរដ្ឋបាលខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានធ្វើឡើងរវាងភាគីទាំង២នៅព្រឹកថ្ងៃទី១៧ខែធ្នូ២០២០នេះ ក្រោមវត្តមានឯកឧត្តម កៀត ភិស័ក្តិចាន់ត្រា ជាភាគីម្ចាស់ផ្ទះនិងភាគីភ្ញៀវកម្ពុជា វត្តមាន ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យកិច្ចប្រជុំនេះ ដោយផ្តោតនូវរបៀបវារៈ និងគោលបំណងសំខាន់ៗមួយចំនួនរួមមាន៖១- ខាងភាគីថៃចង់ឲ្យពលករកម្ពុជា ចូលមកប្រទេសថៃ ដើម្បីមកធ្វើការប្រមូលផលិតផលកសិកម្ម របស់ប្រទេសខ្លួន។ ២-ចង់ឲ្យអាជីវករកម្ពុជាចូលមកក្នុងព្រះរាជាណាចក្រថៃដើម្បីប្រកបអាជីវកម្មនៅក្នុងតំបន់ផ្សាររុងក្លឿ។ ៣-បើកឲ្យដំណើរការប្រើប្រាស់ស្ពានមិត្តភាពណងអៀនស្ទឹងបត់ ស្រុកអារញ្ញ ជាច្រកដឹកទំនិញដើម្បីកាត់បន្ថយនូវការកកស្ទះនៅច្រកព្រំដែនខ្លងលិក ស្រុកអារញ្ញ។
ការស្នើឲ្យមានកិច្ចប្រជុំនេះ គឺធ្វើឡើងដោយយោងលិខិតបន្ទាន់បំផុតរបស់ភាគីថៃ ដែលចុះហត្ថលេខាដោយឯកឧត្តម កៀតតិស័ក្តិ ចាន់ត្រា អភិបាលខេត្តស្រះកែវ កាលពីថ្ងៃទី១៤ខែធ្នូ២០២០ថ្មីៗនេះ ដើម្បីស្នើមករដ្ឋបាលខេត្តទាំង២ របស់ ព្រះរាជាណាចក្រកម្ពុជា ដែលជាខេត្តភូមិផងជិតខាង និងមានព្រំដែនជាប់គ្នា រវាងថៃ-កម្ពុជា ហើយខេត្តទាំង២(បាត់ដំបង-បន្ទាយមានជ័យ)ក៏មានមាត់ច្រកតំបន់និងច្រកទ្វារអន្តរជាតិឆ្លងកាត់ទៅវិញទៅមក ក្នុងការដឹកជញ្ជូនទំនិញ និង កសិផលកសិកម្មចេញ-ចូលទៅមកតាមច្រកខាងលើ រវាងខេត្តទាំង២ផងដែរ។
កិច្ចប្រជុំនេះ បានធ្វើឡើងនៅព្រឹក ថ្ងៃទី១៧ ខែធ្នូនេះនៅច្រកព្រំដែនបានខាវឌិន ស្រុកខ្លងហាត ខេត្តស្រះកែវ ជាប់ច្រកអន្តរជាតិគីឡូ១៣ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយភាគីថៃធ្វើជាម្ចាស់ផ្ទះនិងដឹកនាំដោយឯកឧត្តម កៀតតិស័ក្តិ ចាន់ត្រា អភិបាលខេត្តស្រះកែវ រួមនិងថ្នាក់ដឹកនាំសំខាន់ៗមួយចំនួនទៀត។ ដោយឡែក ខាងភាគីកម្ពុជានៃខេត្តទាំង២ក្នុងនោះខេត្តបាត់ដំបងដឹកនាំដោយឯកឧត្តម ងួន រតនៈ និងអមដំណើរដោយអភិបាលរងខេត្ត រួមទាំងថ្នាក៎ដឹកនាំស្ថាប័នមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួន និងវត្តមានលោកឧត្តមសេនីយ៍ទោ ច័ន្ទ រដ្ឋា មេបញ្ជាការរង នៃយោធភូមិភាគទី៥ ទទួបន្ទុកការងារព្រំដែនខ្មែរ-ថៃ។ ដោយឡែក ខេត្តបន្ទាយមានជ័យ ដឹកនាំដោយ ឯកឧត្តមអភិបាលខេត្ត អ៊ុំ រាត្រី ព្រមទាំងប្រតិភូអមដំណើរ មួយចំនួនផងដែរ។
សូមបញ្ជាក់ថា៖កន្លងមកនេះ ដោយសារតែវិបត្តិនៃជម្ងឺរាតត្បាតជាសកលពីកូវីដ-១៩(Covid-19) កន្លងទៅ បានធ្វើឲ្យច្រកអន្តរជាតិគីឡូ១៣ ស្រុកសំពៅលូន ខេត្តបាត់ដំបង ត្រូវបានផ្អាកបិទជាស្ថាពរ កាលពីថ្ងៃទី២៣ខែមីនាឆ្នាំ២០១៩ ដោយមិនមានលំហូរ ប្រជាជនទាំង២ខេត្តឆ្លងកាត់ និងចេញចូលទៅមកឡើយ។ ក្រោយពីបិទមួយរយៈនៅថ្ងៃទី១៤ខែមេសាឆ្នាំ២០១៩ភាគីទាំង២ ក៏បានធ្វើការសម្របសម្រួលឲ្យមានការបើកច្រកដើម្បីជរុញដល់ការដឹកទំនិញចេញចូលឡើងវិញ ដោយកំណត់ឲ្យតែរថយន្តដឹកទំនិញតែប៉ុណ្ណោះ។ចំពោះបងប្អូនប្រជាពលករ និង អាជីវករ ដែលធ្លាប់ចេញចូលទៅមក ត្រូវបានហាមប្រាមធ្វើការរឹតបន្តឹងនូវវិធានការ ការពារ ពីការរាតត្បាតការឆ្លងនិងការចម្លងមេរោគកូវីដ-19 ដោយមិនអនុញ្ញាតឲ្យចេញចូលដាច់ខាត។
តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានស្វាគមន៍ពីរបៀបវារៈ នៃកិច្ចប្រជុំថ្ងៃនេះដែលផ្តល់ឱកាសឲ្យភាគីទាំង២បានស្វែងរកដំណោះស្រាយសមស្របឆ្លើយតប និងជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋតាមបន្ទាត់ព្រំដែន និងជួយបន្ធូរបន្ថយនូវសភាពការណ៍កន្លងមកសម្រាប់ផ្តល់ឱកាសឲ្យប្រជាពលរដ្ឋនៃខេត្តជាប់ព្រំដែនខេត្តទាំង២បានចេញចូលទៅមក ប្រកបរបររបស់ខ្លួន។ឯកឧត្តម អភិបាលខេត្តក៏បានលើកផងដែរថា៖អ្វីដែលយើងជួបគ្នាថ្ងៃនេះ គឺ៖ដើម្បីចង់ឲ្យប្រជាពលរដ្ឋចេញចូលទៅមកនោះបានស្របច្បាប់ និងធានាបានសុវត្ថិភាពក្នុងការទៅមករបស់បងប្អូនប្រជាពលករទាំងនោះទាំងពលករពលកម្មចេញចូលព្រឹកល្ងាចនិងពលករតាមរដូវកាល គឺធ្វើ
យ៉ាងណាភាគីទាំង២ត្រូវអនុវត្តដោយភាពស្មោះត្រង់ជាមួយគ្នា នូវចំណុចដែលយើងបានពិភាក្សាគ្នាក្នុងកម្រិតថ្នាក់ក្រោមជាតិ។ហើយអ្វីដែលសេសសលត្រូវលើកសំណើរស្នើសុំពីប្រមុខរាជរដ្ឋាភិបាលជាមុនសិន មុនធ្វើការចុះហត្ថលេខាលើឯកសារ។
ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានស្នើឲ្យភាគីថៃពិនិត្យលទ្ធភាពក្នុងការបន្ថែមម៉ោងចេញចូលរបស់រថយន្តដឹកទំនិញ
ជាថ្មីឡើងវិញ ដែលកន្លងមកមកនេះការអនុញ្ញាតឲ្យរថយន្តចេញចូលពីម៉ោង៦ព្រឹកដល់ម៉ោង៦ល្ងាច ឲ្យបានពេលម៉ោងវែងជាងមុន។ដែលមុននេះច្រកអន្តរជាតិបើកពីម៉ោង៦ព្រឹកដល់ម៉ោង១០យប់៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )