សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ប្រកាសគាំទ្រការសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន ដែលកំណត់ឲ្យជាប់ជាស្ថាពរចំពោះសិស្សប្រឡងបាក់ឌុប និងថ្នាក់ទី៩
សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃ១៥ ធ្នូឆ្នាំ២០២០ សម្ដេចបានឲ្យសិស្សដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាក់ឌុប និងសិស្សប្រឡងមធ្យមសិក្សាបឋមភូមិថ្នាក់ទី៩ ឲ្យជាប់ជាស្ថាពរ សម្រាប់ឆ្នាំសិក្សាឆ្នាំ២០១៩ ឆ្នាំ២០២០ ដោយសារវិបត្តិជំងឺកូវីដ-១៩។
យោងតាមសេចក្ដីថ្លែងការណ៍ នៅថ្ងៃ១៧ធ្នូឆ្នាំ២០២០ បានឲ្យដឹងថា របស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលមានសមាជិក១១៤គ្រឹះស្ថានសិក្សា បានប្រកាសគាំទ្រទាំងស្រុង និងប្ដេជ្ញាអនុវត្តន៍ឲ្យមានប្រសិទ្ធភាពតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃ១៦ធ្នូឆ្នាំ២០២០ ស្ដីពីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៩-២០២០ ដែលកំណត់ឲ្យជាប់ជាស្ថាពរ ចំពោះបេក្ខជនទាំងអស់ដែលបានចុះឈ្មោះប្រឡង ដោយគ្មានការកំណត់និទ្ទេស ដើម្បីផ្ដល់ឱកាសឲ្យសិស្សថ្នាក់ទី៩ បានបន្តការសិក្សានៅវិទ្យាល័យ និងបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ អាចជ្រើសសរើសជំនាញដែលខ្លួនពេញចិត្តសម្រាប់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ឬថ្នាក់វិជ្ជាជីវៈផ្សេងៗ។
ជាមួយគ្នានោះ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅចំពោះដំណោះស្រាយជាតិប្រកបដោយបញ្ញាញាណ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី៕កឹម ទៀង