ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកនឹងចាក់វ៉ាក់សាំង Covid-19 នៅសប្តាហ៍ក្រោយនេះ ដើម្បីកសាងទំនុកចិត្តដល់ប្រជាជនរបស់ខ្លួន
អាមេរិក៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន នឹងចាក់វ៉ាក់សាំងការពារជំងឺ Covid-19 លើកដំបូងរបស់លោកនាសប្ដាហ៍ក្រោយនេះ ហើយគ្រោងនឹងបង្ហាញជាសាធារណៈតែម្តង ចំពេលដែលអាជ្ញាធរអាមេរិកកំពុងព្យាយាមកសាងទំនុកចិត្តសាធារណៈ សម្រាប់វិធានការដែលថា នឹងបញ្ឈប់វីរុសឆ្លងដ៏កាចសាហាវមួយនេះ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ។
ថ្លែងនៅក្នុងវេទិការមួយនៅថ្ងៃពុធនេះ ក្នុងទីក្រុង វីលមីនតុន រដ្ឋ ដេឡាវែល លោក បៃដិន បាននិយាយដូច្នេះថា ខ្ញុំមិនចង់ចាក់វ៉ាក់សាំងមុនគេនោះទេ ប៉ុន្តែខ្ញុំចង់ធ្វើឲ្យប្រាកដថា យើងបង្ហាញដល់ប្រជាជនអាមេរិកថា វាមានសុវត្ថិភាពក្នុងការចាក់វ៉ាក់សាំង ហើយថា នៅពេលខ្ញុំធ្វើវា ខ្ញុំនឹងធ្វើជាសាធារណៈ ដូច្នេះអ្នកទាំងអស់គ្នាអាចធ្វើជាសាក្សីនៃការសំរេចបានរបស់ខ្ញុំ ។
សូមជម្រាបថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ត្រូវបានអនុញ្ញាតិដោយរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA សម្រាប់ប្រើជាបន្ទាន់កាលពីសប្តាហ៍មុន ខណៈ FDA ក៏កំពុងពិចារណាលើការអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់សម្រាប់វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna នៅសប្តាហ៍នេះផងដែរ ៕