នូវែលហ្សេឡង់នឹងបញ្ជាទិញវ៉ាក់សាំង Covid-19 ពីក្រុមហ៊ុន AstraZeneca និង Novavax ដើម្បីចាក់ជូនដល់ប្រជាជនខ្លួនគ្រប់គ្នា
នូវែលហ្សេឡង់៖ នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រី ចាស៊ីនដា អាឌើន នៅថ្ងៃព្រហស្បតិ៍នេះថ្លែងថា រដ្ឋាភិបាលរបស់លោកស្រីនឹងទិញវ៉ាក់សាំង Covid-19 ពីក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca និងក្រុមហ៊ុនអាមេរិក Novavax ដែលនេះមានន័យថា រាល់ពលរដ្ឋនូវែលហ្សេឡង់នឹងអាចត្រូវបានចាក់វ៉ាក់សាំងគ្រប់គ្នា នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ។
លោកស្រីបន្ថែមថា ឥឡូវនេះ យើងមានកិច្ចព្រមព្រៀងជាផ្លូវការជាមួយក្រុមហ៊ុនចំនួន០៤ ដែលគ្របដណ្តប់លើបច្ចេកវិទ្យាវ៉ាក់សាំងចំនួន០៣ប្រភេទផ្សេងៗគ្នា ហើយយើងបានទទួលចំនួនវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ចាក់ប្រជាជនទាំងមូលរបស់យើង និងនៅតំបន់ប៉ាស៊ីហ្វិក ។ លោកស្រីបញ្ជាក់ទៀតថា ប្រសិនបើត្រូវបានបង្ហាញថា មានសុវត្ថិភាព និងប្រសិទ្ធភាពដោយនិយតករឱសថរបស់នូវែលសេឡង់នោះ ពួកគេនឹងផ្តល់ការចាក់វ៉ាក់សាំងដល់ប្រជាជនក្នុងទ្រង់ទ្រាយធំ និងប្រទេសជិតខាងនៅតំបន់ប៉ាស៊ីហ្វិករបស់យើង ។
នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់រូបនេះបានសង្កត់ធ្ងន់ថា អាទិភាពដំបូងរបស់យើងគឺការចាក់វ៉ាក់សាំងដល់កម្មករនៅតាមព្រំដែន និងបុគ្គលិកចាំបាច់ដែលមានហានិភ័យខ្ពស់ក្នុងការឆ្លង Covid-19 ។ យើងរំពឹងថា វ៉ាក់សាំងនឹងត្រូវបញ្ជូនទៅឲ្យបុគ្គលិកជួរមុខរបស់យើងនៅត្រីមាសទី២ ឆ្នាំ២០២១ ខណៈការចាក់វ៉ាក់សាំងចំពោះមនុស្សទូទៅនឹងចាប់ផ្តើមនៅឆមាសទី២ ឆ្នាំ២០២១ ផងដែរ ៕