ទីផ្សារទំនិញបែបប្រណិតរបស់ចិនផ្ទុះខ្លាំងឆ្នាំនេះទោះបីជាកូវីដ19ក្តី
បរទេស៖ទូរទស្សន៍ CNN ចេញផ្សាយនៅសប្តាហ៍នេះបានបង្ហាញថាទីផ្សារទំនិញប្រណិតៗជាច្រើនទីតាំងនៅក្នុងប្រទេសចិនហាក់មិនមានភាពថមថយឡើយសម្រាប់ឆ្នាំនេះ។
យោងតាមរបាយការណ៍ដែលត្រូវបានចេញផ្សាយដោយ Alibaba (BABA) និង Bain កាលពីថ្ងៃពុធម្សិលមិញបានបង្ហាញថាទីផ្សារទំនិញប្រណិតរបស់ប្រទេសចិននឹងមានចំនួនកើនឡើងក្នុងអត្រាដល់ទៅ 48 ភាគរយនៅចុងឆ្នាំនេះ ឬប្រមាណជា 346 លានយ័ន ឬ 52,9 ពាន់លានដុល្លារ។
តួលេខនេះក៏បានបង្ហាញផងដែរថាទំនិញប្រណិតរបស់ចិនទទួលបានចំណែកទីផ្សារដល់ទៅ 2 ដងនៅក្នុងចំណែកទីផ្សារសកល ឬប្រមាណជា 11 ភាគរយកាលពីឆ្នាំទៅមក 20 ភាគរយនៅក្នុងឆ្នាំ2020 ហើយក្នុងនោះ Bain និង Alibaba បានប៉ាន់ស្មានថាទីផ្សារទំនិញប្រណិតរបស់សកលលោកនឹងធ្លាក់ចុះដល់ទៅ 23 ភាគរយនៅចប់ឆ្នាំ2020។
ក្រៅតែពីនេះ Bain ដែលជាក្រុមហ៊ុនជំនាញខាងប្រឹក្សាពាណិជ្ជកម្មនោះបានបញ្ជាក់ដែរថាទីផ្សារទំនិញប្រណិតរបស់ចិននឹងនៅតែបន្តផ្ទុះលើសទីផ្សារណាទាំងអស់ក្នុងរយៈពេល 5ឆ្នាំខាងមុខទោះបីជាពិភពលោកនឹងត្រឡប់មករកស្ថានភាពដូចធម្មតាមុនកូវីដ19 ផ្ទុះឡើងក្តី៕