នាយករដ្ឋមន្រ្តីបារាំងបញ្ជាក់ថា ប្រជាជនបារាំងអាចនឹងចាក់វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Pfizer-BioNTech នៅចុងខែធ្នូ ឆ្នាំនេះ
បារាំង៖ នាយរដ្ឋមន្រ្តីបារាំង លោក ហ្សង់ កាស្តិច នៅថ្ងៃពុធនេះថ្លែងថា ប្រជាជនបារាំងអាចនឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនផលិតឱសថ Pfizer-BioNTech នៅសប្តាហ៍ចុងក្រោយនៃខែធ្នូនេះ បើសិនអាជ្ញាធរសហភាពអឺរ៉ុបអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងនេះនាសប្តាហ៍ក្រោយ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ។
នាយរដ្ឋមន្រ្តីបារាំងរូបនេះ ធ្លាប់បានប្រាប់ទៅកាន់សភាបារាំងថា យុទ្ធនាការចាក់វ៉ាក់សាំង COVID-19 នៅប្រទេសអឺរ៉ុបមួយនេះ នឹងចាប់ផ្ដើមនៅខែមករា ឆ្នាំ២០២១ខាងមុខ ដោយក្រុមមនុស្សចាស់ជរា និងក្រុមមនុស្សងាយរងគ្រោះដទៃទៀត នឹងទទួលបានការចាក់វ៉ាក់សាំងនេះមុនគេ ។
ប្រទេសបារាំងក៏សង្ឃឹមដែរថា នឹងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 ដល់ប្រជាជនរបស់ខ្លួនប្រមាណ១លាននាក់នៅតាមមជ្ឈមណ្ឌលថែទាំ ក្នុងអំឡុងខែមករា និងខែកុម្ភៈឆ្នាំក្រោយនេះ បន្ទាប់មកប្រជាជនប្រមាណ១៤ទៅ១៥លាននាក់ទៀត គឺនៅចន្លោះខែមីនា និងខែមិថុនា ឆ្នាំ២០២១ ៕