វៀតណាមចាប់ផ្តើមការធ្វើតេស្តចាក់វ៉ាក់សាំង Covid-19 ដែលផលិតក្នុងស្រុកទៅលើមនុស្ស
វៀតណាម៖ ប្រទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្តើមការសាកល្បងចាក់វ៉ាក់សាំងការពារជំងឺ Covid-19 ដែលមានឈ្មោះថា Nanocovax ផលិតដោយក្រុមហ៊ុនវៀតណាមផ្ទាល់ ទៅលើមនុស្សចំនួន០៣នាក់ នេះបើតាមសារព័ត៌មាន VNExpress នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ។
បុរស០២នាក់ និងស្ត្រីម្នាក់ត្រូវបានចាក់វ៉ាក់សាំងនៅដំណាក់កាលទី១នេះ នៅម៉ោង០៨ព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅឯសកលវិទ្យាល័យពេទ្យយោធាវៀតណាមក្នុងទីក្រុងហាណូយ ដោយពួកគេមានសុខភាពនឹងនរទេ បន្ទាប់ពីការចាក់វ៉ាក់សាំងបានពីរម៉ោង ហើយពួកគេនឹងត្រូវបានអ្នកជំនាញការតាមដានសុខភាពពេញ៧២ម៉ោង ។ អ្នកទាំង៣នេះ ត្រូវបានជ្រើសចេញពីអ្នកស្ម័គ្រចិត្តជាង២០០នាក់ ដែលបានចុះឈ្មោះសុំចូលចាក់សាកល្បងវ៉ាក់សាំងផលិតដោយក្រុមហ៊ុន Nanogen Pharmaceutical Biotechnology JSC សហការជាមួយបណ្ឌិតសភាវេជ្ជសាស្ត្រយោធាវៀតណាម ។
សូមជម្រាបថា ការចាក់សាកល្បងនៅថ្ងៃព្រហស្បតិ៍នេះ ជាផ្នែកនៃការធ្វើតេស្តវ៉ាក់សាំង Nanocovax ដំណាក់កាលទី១នៅវៀតណាម ដោយការសាកល្បងពិសោធន៍លើមនុស្ស ដើម្បីអោយដឹងពីប្រសិទ្ធភាព និងសុវត្ថិភាពថ្នាំ គឺវាទាមទារ០៣ដំណាក់កាល ។ មនុស្ស៥៧នាក់ទៀតក្នុងចំណោម៦០នាក់ដែលត្រូវបានជ្រើសរើសសំរាប់ការសាកល្បងដំណាក់កាលដំបូងនេះ នឹងត្រូវទទួលវ៉ាក់សាំងនៅ០៣ថ្ងៃបន្ទាប់ទៀត ៕