ទីបំផុត! វៀតណាមចាក់វ៉ាក់សាំងកូវីដ១៩ ផលិតខ្លួនឯង លើមនុស្សហើយ ព្រឹកមិញ
វៀតណាមចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលខ្លួនផលិតទៅលើក្រុមអ្នកស្ម័គ្រចិត្តហើយ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ធ្នូ ២០២០ ជាវ៉ាក់សាំង Nanocovax ផលិតក្នុងប្រទេសវៀតណាម នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VN Express។
ប្រភពថា បុរស២នាក់ និងស្ត្រីម្នាក់ ក្នុងវ័យប្រមាណជាង២០ឆ្នាំ ដែលមិនត្រូវបានបង្ហាញអត្តសញ្ញាណ ត្រូវបានចាក់វ៉ាក់សាំងនេះ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី ១៧ ខែ ធ្នូ ២០២០ នៅសកលវិទ្យាល័យវេជ្ជសាស្ត្រយោធា ក្នុងទីក្រុងហាណូយ។
អ្នកស្ម័គ្រចិត្តទាំង៣នាក់នេះមានស្ថានភាពសុខភាពធម្មតា ក្រោយចាក់វ៉ាក់សាំងបាន២ម៉ោង ប៉ុន្តែត្រូវត្រួតពិនិត្យតាមដាន រយៈពេល៧២ម៉ោង។ អ្នកទាំងបីនាក់ស្ថិតក្នុងចំណោមអ្នកស្ម័គ្រចិត្តច្រើនជាង២០០នាក់ ដែលបានចុះឈ្មោះស្ម័គ្រចិត្តទទួលយកការចាក់វ៉ាក់សាំងមកក្នុងខ្លួន ដោយវ៉ាក់សាំងនេះផលិតដោយវិទ្យាស្ថាន Nanogen Pharmaceutical Biotechnology JSC ៕