បុរសជើងរន្ទះទាត់គល់ដូង ល្បីក្នុងបណ្តេញសង្គមហ្វេសបុក ប្តេជ្ញាពង្រឹងសមត្ថភាព ត្រៀមឡើងសង្វៀននាពេលខាងមុខ
បុរសវ័យ៣២ឆ្នាំ ត្រូវបានអ្នកលេងហ្វេសបុក បង្ហោះរូបភាពចែករំលែកតៗគ្នា ពីការបង្ហាញសមត្ថភាពទាត់គល់ដូង ជំនួសបាវសាក់នោះ ឥឡូវនេះបានចូលហ្វឹកហាត់ នៅក្លិបប្រដាល់គុនខ្មែររាជសីហ៍មានរិទ្ធ នៃក្រសួងមហាផ្ទៃ របស់អតីតអ្នកប្រដាល់គុនខ្មែរល្បីឈ្មោះ២រូប គឺលោក បឺត ខាំ និង លោក សេន ប៊ុនថេន និងទទួលឲ្យស្នាក់នៅហ្វឹកហាត់ ដើម្បីពង្រឹងសមត្ថភាព ត្រៀមឡើងសង្វៀនគុនខ្មែរ នាពេលខាងមុខឆាប់ៗនេះ ។
បុរសសម្បុរខ្មៅ ជើងថ្ម ដែលគេស្គាល់តាមរយៈវីដេអូឃ្លីប បង្ហោះតាមហ្វេសបុក ទទួលបានប្រជាប្រិយភាព មានឈ្មោះ លួត សុផល អាយុ៣២ឆ្នាំ មានស្រុកកំណើត នៅស្រុកសំរោង ខេត្ត ឧត្តរមានជ័យ ដោយបច្ចុប្បន្នកំពុងប្រកបមុខរបរ ជាអ្នករត់តាក់ស៊ី ។ អ្នកលេងជើងរន្ទះ ទាត់គល់ដូង លួត សុផល បានចូលរួមហ្វឹកហាត់រយៈពេល៣ថ្ងៃ នៅក្លិបប្រដាល់គុនខ្មែររាជសីហ៍មានរិទ្ធ បានបង្ហាញអារម្មណ៍ថា ខ្លួនរីករាយជាមួយការហ្វឹកប្រដាល់គុនខ្មែរ បើទោះបីជាមានការលំបាកខ្លាំងក៍ដោយ ។
បន្ទាប់ពីបានចូលហ្វឹកហាត់ជាមួយគ្រូបង្វឹកពោរពេញដោយសមត្ថភាព លួត សុផល បានប្តេជ្ញាថា នឹងបង្ហាញពីភាពខ្លាំងរបស់ខ្លួនជូនទស្សនិកជនឲ្យឃើញ នាពេលឆាប់ៗខាងមុខនេះ ដើម្បីសម្រេចក្តីស្រម៉ៃចង់ក្លាយជាអ្នកប្រដាល់គុនខ្មែរតាំងពីក្មេង ។
ដោយឡែកអតីតអ្នកប្រដាល់គុនខ្មែរ និងជាគ្រូបង្វឹក លោក បឺត ខាំ បានលើកឡើងថា លួត សុផល កម្លាំងជើងទាត់ខ្លាំង ប៉ុន្តែកម្លាំងកាយ និងបច្ចេកទេស នៅមិនទាន់គ្រប់គ្រាន់ឡើយ ដូច្នេះត្រូវពង្រឹងគ្រប់កន្លែង ដូចជា កណ្តាប់ដៃ ជំហរ កម្លាំងអត់ធន់ ជាពិសេសបច្ចេកទេសនៅលើសង្វៀន ទើបអាចក្លាយជាអ្នកខ្លាំង ក្នុងវិស័យកីឡាគុនខ្មែរ ។
សូមបញ្ជាក់ថា លួត សុផល ជាអ្នកខេត្តឧត្តរមានជ័យ ប្រកបមុខរបរជាអ្នករត់តាក់ស៊ី ចាប់ផ្តើមល្បីអំឡុងឆ្នាំ២០១៩ ក្នុងបណ្តាញសង្គមហ្វសបុក វីដេអូទាត់គល់ដូង លុះដល់ឆ្នាំ២០២០ ត្រូវបានអ្នកលេងហ្វេសបុកចែកចាយតៗគ្នា ពីទេពកោសល្យបុរសជើងខ្លាំង ថាខ្លួនចង់ក្លាយជាអ្នកប្រដាល់គុនខ្មែរអាជីព ដើម្បីបង្ហាញពីសមត្ថភាពជូនទស្សនិកជន ៕