តំបន់ប្រតិបត្តិការសឹករងកណ្តាល បានឧបត្ថម្ភថវិកាចំនួន៤លានរៀល តាមរយៈរដ្ឋបាលខេត្តកណ្តាល ដើម្បីចូលរួមបរិច្ចាគជូនសម្ដេចតេជោ ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩
ខេត្តកណ្ដាល៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងកងកម្លាំងទាំងអស់ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ បានចូលរួមឧបត្ថម្ភជាថវិកាចំនួន៤លានរៀល តាមរយៈ រដ្ឋបាលខេត្តកណ្តាល ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋកម្ពុជា។
ឯកឧត្តម មេបញ្ជាការ បានមានប្រសាសន៍ ជម្រាបជូន ឯកឧត្តម អភិបាលខេត្តថា ថវិការទាំងអស់នេះ គឺជាការចូលរួមវិភាគទានពីកងកម្លាំងទាំងអស់ នៃតំបន់ប្រតិបត្តិការសឹករងកណ្តាល ដើម្បីចួមរួមចំណែកជាមួយនិងរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងចាក់ជូនដល់ប្រជាពលរដ្ឋ ទៅតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន
នៅក្នុងពិធីទទួលថវិកា ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តម មេបញ្ជាការ និងកងកម្លាំងទាមងអស់នៃតំបន់ប្រតិបត្តិការសឹករងកណ្តាល ដែលបាន រួមគ្នាបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលខេត្តកណ្ដាល ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។
ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់បន្តថា ទង្វើរនិងសកម្មភាពមនុស្សធម៌របស់ តំបន់ប្រតិបត្តិការសឹករងកណ្តាល គ្រប់ជាន់ថ្នាក់ នៅពេលនេះ គឺពិតជាសបញ្ជាក់ឱ្យឃើញពី សទ្ធាជ្រះថ្លា ជាវប្បធម៌ជួយគ្នា ក្នុងគ្រាលំបាក និងបានបង្ហាញពីការគាំទ្រយ៉ាងខ្លាំងខ្លា ដល់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ក្នុងការជួយសង្រ្គោះដល់ប្រជាពលរដ្ឋទូទៅ ដែលកំពុងតែត្រូវការជាចាំបាច់បំផុតនូវវ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយការជួយឧបត្ថម្ភនេះ គឺពិតជាមានតំលៃធំធេងណាស់ចំពោះ សុខភាព និងអាយុជីវិត្តរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូន ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕