រាជរដ្ឋាភិបាល បើកកិច្ចប្រជុំបន្ទាន់ជាមួយដៃគូពាក់ព័ន្ធដើម្បីពិភាក្សាអំពីកិច្ចលទ្ធកម្មទិញវ៉ាក់សាំង និងកម្មវិធីចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩នៅកម្ពុជា
ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដឹកនាំកិច្ចប្រជុំបន្ទាន់តាមរយៈ Video Conference ដើម្បីពិភាក្សាអំពីគម្រោងលទ្ធកម្មទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា នាព្រឹកថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល, តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ, ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា ទាំងពហុភាគី និងទាំងទ្វេភាគី ដែលរួមមាន៖ អង្គការសុខភាពពិភពលោក (WHO), អង្គការយូនីសេហ្វ (UNICEF), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារពិភពលោក (WB), សហភាពអឺរ៉ុបប្រចាំកម្ពុជា (EU), មូលនិធិសកល (GF), អង្គការ GAVI (The GAVI Alliance), COVAX Facility, ស្ថានទូតអូស្ត្រាលី, ចិន, ជប៉ុន, រុស្សី, សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, សាធារណរដ្ឋកូរ៉េ និងបារាំង ជាដើម ។
កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យពិភាក្សា និងពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី និងពហុភាគី លើភាពគ្រប់ជ្រុងជ្រោយ និងស័ក្តសិទ្ធិភាពនៃផែនការ និងសកម្មភាពជាយុទ្ធសាស្ត្រក្នុងការចាត់ចែងទិញ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលធានាបាននូវការគ្រប់គ្រងសុវត្ថិភាព, គុណភាព និងប្រសិទ្ធភាពនៃការប្រើប្រាស់។ កិច្ចប្រជុំក៏ធ្វើការពិភាក្សាផងដែរ អំពីបច្ចុប្បន្នភាពនៃសភាពការណ៍ទូទៅនៃការរីករាលដាលនៃជំងឺកូវីដ-១៩, ការអភិវឌ្ឍ និងលទ្ធភាពនៃការទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩, អភិក្រម និងយន្តការនៃការធ្វើលទ្ធកម្ម, ការកៀរគរហិរញ្ញប្បទាន ព្រមទាំងគោលនយោបាយ និងគោលការណ៍បែងចែក និងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ កិច្ចប្រជុំនេះ ក៏ជាវេទិកាសម្រាប់ចរចា និងកៀរគរធនធានហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍នានា សម្រាប់អនុវត្តកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។
ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា រាជរដ្ឋាភិបាលបាន និងកំពុងរៀបចំ និងអនុវត្តគម្រោងទិញ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ផ្តល់ជូនប្រជាជនកម្ពុជាឱ្យបានឆាប់រហ័ស ដើម្បីទប់ស្កាត់ និងឈានទៅលុបបំបាត់ការរាតត្បាតជំងឺកូវីដ-១៩ នៅកម្ពុជា។ ក៏ប៉ុន្តែកិច្ចការទិញវ៉ាក់សាំងបង្ការកូវីដ-១៩នេះ ចាំបាច់ត្រូវតែធ្វើដោយប្រុងប្រយ័ត្នដើម្បីធានាបាននូវការគ្រប់គ្រងសុវត្ថិភាព, គុណភាព និងប្រសិទ្ធភាពនៃការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលទាំងនេះ ចាំបាច់ត្រូវតែមានពិនិត្យ និងវាយតម្លៃដោយហ្មត់ចត់អំពីបរិការណ៍ និងកត្តាសត្យានុម័តគន្លឹះមួយចំនួនផងដែរ។ ឯកឧត្តមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងទិញវ៉ាក់សាំងទាំងឡាយណា ដែលមានការទទួលស្គាល់ពី អង្គការសុខភាពពិភពលោក តែប៉ុណ្ណោះ ទោះបីទិញតាមរយៈ COVAX Facility ក្តី ឬតាមរយៈការទិញផ្ទាល់ពីក្រុមហ៊ុនផលិត និងតាមរយៈយន្តការ នៃកិច្ចសហប្រតិបត្តិការទេ្វភាគីក្តី។ ឯកឧត្តមបានបន្តថា ការមកដល់នៃ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មិនត្រឹមតែជួយធ្វើឱ្យយើងអាចកម្ចាត់ជំងឺកូវីដ-១៩ ដ៏កាចសាហាវនោះទេ តែថែមទាំងនឹងបើកឱកាសឱ្យប្រទេសកម្ពុជាយើងអាចវិលត្រឡប់ទៅកាន់សភាពធម្មតាវិញ ពោលគឺអាចស្តារ និងបន្តអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ ប្រកបដោយកំណើនខ្ពស់, ធន់នឹងវិបត្តិ និងកាន់តែភាពប្រកួតប្រជែងខ្លាំង ជាងមុន ក៏ដូចអាចកសាងនូវប្រព័ន្ធបែងចែកឡើងវិញនូវផលនៃកំណើនឱ្យកាន់តែប្រសើរឡើង ពិសេសការអភិវឌ្ឍធនធានមនុស្ស ក្នុងគោលដៅធានាឱ្យបាននូវស្ថិរភាព និងភាពរីកចំរើនរុងរឿងនៃប្រទេសយើង។
ឯកឧត្តម វង្សី វិស្សុត បន្តមានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាលបាន និងកំពុងដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីធានាបានថា យើងអាចយកឈ្នះនូវសមរភូមិទាំង៣ ក្នុងនោះមាន៖ ទី១.ការពារអាយុជីវិតរបស់ប្រជាជន ទី២.ការពារជីវភាពរស់នៅរបស់ប្រជាជន និង ទី៣.ការពារមុខរបរអាជីវកម្មរបស់ប្រជាជន ដើម្បីឱ្យអាជីវកម្មទាំងនោះអាចងើបឡើងវិញបានឆាប់រហ័ស ក្នុងការឈានទៅរកការស្តារប្រទេសឡើងវិញ ដើម្បីរុញកំណើនសេដ្ឋកិច្ច និងបន្តការងារអភិវឌ្ឍន៍ប្រទេសឱ្យអាចដំណើរការជាប្រក្រតីឡើងវិញ។
ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ដែរថា ជាជំហានបន្ទាប់ដែលយើងកំពុងធ្វើនោះ គឺរៀបចំផែនការស្តារនិងជំរុញការងើបឡើងវិញ នៃសេដ្ឋកិច្ចលើមុខព្រួញ ៣៖ ទី១.បន្តអនុវត្តគោលនយោបាយចម្រុះ រវាងគោលនយោបាយរូបិយវត្ថុ គោលនយោបាយសារពើពន្ធ និងគោលនយោបាយរចនាសម្ព័ន្ធ ដើម្បីធានាថាម៉ាក្រូសេដ្ឋកិច្ចជាមូលដ្ឋានគឺយើងអាចគ្រប់គ្រងបាន ក៏ដូចជាដើម្បីធ្វើយ៉ាងណាឱ្យក្បាលម៉ាស៊ីនសេដ្ឋកិច្ចនៅតែដំណើរការ ទី២. បន្តកែទម្រង់រចនាសម្ព័ន្ធ ដើម្បីបន្តដោះស្រាយតាមតែអាចធ្វើទៅបាន ចំពោះបញ្ហាដែលជាកត្តារាំងស្ទះនានា ដែលជា គន្លឹះក្នុងការពង្រីកសក្តានុពល លើការងារពង្រឹងភាពប្រកួតប្រជែងរបស់យើង ក៏ដូចជាការធ្វើពិពិធកម្មមូលដ្ឋានគ្រឹះសេដ្ឋកិច្ច និងទី៣. បង្កើនការវិនិយោគបន្ថែមលើវិស័យគន្លឹះៗ ដើម្បីទ្រទ្រង់កំណើន សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ច ដូចជាវិស័យហេដ្ឋា-រចនាសម្ព័ន្ធ, ការតភ្ជាប់, បច្ចេកវិទ្យាឌីជីថល ដែលសុទ្ធតែមានភាពចំបាច់ក្នុងពិភពលោកក្រោយបរិការណ៍ជំងឺកូវីដ-៩។
ឯកឧត្តមបន្តទៀតថា កម្ពុជាបានដាក់គោលដៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជនឱ្យបានប្រមាណ ១០ លាននាក់ ដោយក្នុងនោះ “មជ្ឈមណ្ឌលទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាសកល” (COVAX Facility) នឹងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ប្រជាជនចំនួនពី ៣ ទៅ ៤ លាននាក់។ ដោយឡែក នៅសល់ប្រមាណ ៦ ទៅ ៧ លាននាក់ទៀតដែលរាជរដ្ឋាភិបាលត្រូវផ្តល់ជូនតាមរយៈការស្វែងជំនួយផ្គត់ផ្គង់ពីដៃគូអភិវឌ្ឍន៍ផ្សេងទៀត និងដោយការធ្វើលទ្ធកម្មទិញដោយរាជរដ្ឋាភិបាលផ្ទាល់។ ក្នុងន័យនេះ ឯកឧត្តមបានសុំឱ្យដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី និង ពហុភាគី ចូលរួមសហការ ឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួងសុខាភិបាល ដើម្បីវាយតម្លៃ និងកំណត់ចំនួនវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលត្រូវទិញ និងជួយកំណត់មុខសញ្ញាក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលមានភាពសមស្របបំផុតទៅនឹងតម្រូវការ និងស្ថានភាពជាក់ស្តែងរបស់កម្ពុជា។ រាជរដ្ឋាភិបាលសូមស្វាគមន៍ ចំពោះការចូលរួមចំណែកពីគ្រប់ដៃគូទាំងអស់ ទាំងក្នុងរូបភាពជាជំនួយបច្ចេកទេស ឬហិរញ្ញប្បទានឥតសំណង ឬ ជាកម្ចីដែលមានសម្បទានខ្ពស់ ចំពោះថវិកាសម្រាប់លទ្ធកម្មទិញវ៉ាក់សាំង និងថវិកាសម្រាប់ចំណាយប្រតិបត្តិការក្នុងការអនុវត្តកម្មវិធីចាក់វ៉ាក់សាំង ហើយរាជរដ្ឋាភិបាលនឹងធ្វើការបំពេញបន្ថែម ក្នុងករណីមានការខ្វះខាត។
ជាការឆ្លើយតប, បណ្តាដៃគូអភិវឌ្ឍន៍នានាទាំងពហុភាគី និងទ្វេភាគី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្នុងភាពជាម្ចាស់ ប្រកបដោយបុរេសកម្មលើកិច្ចការប្រយុទ្ធប្រឆាំងនឺងជំងឺរាតត្បាតជាសកលនេះ និងបានបង្ហាញជំហរច្បាស់លាស់ក្នុងការត្រៀមខ្លួនជាស្រេច ក្នុងបន្តសកម្មចូលរួមជាមួយរាជរដ្ឋាភិបាលថែមទៀត ៕ ដោយលោក វ៉េង លីមហួត និងវណ្ណលុក