តុលាការឃុំខ្លួនបុរសម្នាក់ ដែលបង្កើតហ្វេសប៊ុកក្លែងក្លាយ ប្រមាថព្រះមហាក្សត្រ និងថ្នាក់ដឹកនាំ អភិបាល-ស្នងការខេត្ត នានា
កំពត៖ លោក សេង ម៉ាឡាប ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បានចេញដីកាឃុំខ្លួនបុរសម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធការបង្កើតហ្វេសប៊ុកក្លែងក្លាយ ប្រមាថព្រះមហាក្សត្រ ប្រមាថថ្នាក់ដឹកនាំ ប្រមាថអភិបាល និង ស្នងការខេត្ត នានា ។
យោងតាមដីកាឃុំខ្លួន គឺ តុលាការបានសម្រេចចោទប្រកាន់បុរសរូបនេះ ចំនួន៥បទល្មើស មានដូចជា បរិហារកេរ្តិ៍ជាសាធារណៈ , ជេរប្រមាថជាសាធារណៈ , ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ , ប្រមាថចំពោះអង្គព្រះមហាក្សត្រ , រូបភាព និង សម្ភារៈអាសកាភាស ។
បុរសរូបនេះ មានឈ្មោះ ងិន ស៊ុយទ្រី អាយុ៣៥ឆ្នាំ បានសារភាពថា ខ្លួនមានទំនាក់ទំនងស្នេហាជាមួយនឹងនារីឈ្មោះ ទ្រី ស៊ាងម៉ី តាំងពីដើមឆ្នាំ២០១៦ ។ ក្រោយមកនាងបានផ្លាស់ប្ដូរមកធ្វើការនៅរាជធានីភ្នំពេញ តាំងពីពេលនោះមកទំនាក់ទំនងរបស់ពួកគេបានត្រូវឃ្លាតឆ្ងាយ និងដោយសារនារី ទ្រី ស៊ាងម៉ី មានទំនាក់ទំនងជាមួយបុរសជាច្រើនផ្សេងទៀត ធ្វើឱ្យគេកើតចិត្តប្រចណ្ឌ ហើយក៏បានបង្កើតគណនីក្លែងក្លាយជាឈ្មោះរបស់នារី ទ្រី ស៊ាងម៉ី ឪពុក និងជាមិត្តភក្តិរបស់នាងជាច្រើនទៀត ដើម្បីធ្វើការវាយប្រហារថ្នាក់ដឹកនាំកំពូលៗ ក្នុងចេតនាដើម្បីទម្លាក់កំហុសឱ្យនាង ទ្រី ស៊ាងម៉ី ព្រមទាំងមិត្តភក្កិ និងដៃគូរស្នេហា ក៏ដូចជាគ្រួសាររបស់នាងផង ៕ដោយបញ្ញា