អាមេរិក និងអង់គ្លេស ចុះហត្ថលេខាលើកិច្ចព្រមព្រៀងគយ
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា សហរដ្ឋអាមេរិក និងអង់គ្លេសបានឈានទៅដល់កិច្ចព្រមព្រៀងគ្នាមួយទៅលើបញ្ហាគយកាលពីថ្ងៃពុធម្សិលមិញ ដើម្បីធានាឲ្យបានថា ពាណិជ្ជកម្មទ្វេភាគីនឹងនៅតែបន្តដំណើរការធម្មតាបន្ទាប់ពីការចាកចេញរបស់អង់គ្លេសពីអ៊ឺរ៉ុប ឬ Brexit ។
កិច្ចព្រមព្រៀងមួយនេះត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការងារហរិញ្ញវត្ថុ និងរតនាគារជាតិរបស់អង់គ្លេសលោក Jesse Norman ជាមួយនឹងរដ្ឋទូតអាមេរិកប្រចាំនៅអង់គ្លេសលោក Robert Wood Johnson នាក្នុងទីក្រុងឡុង។
លោក Norman បានមានប្រសាសថា៖កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យអាមេរិក និងអង់គ្លេសក្នុងការបន្តកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសគយទាំងឡាយតាមរយៈការចែករំលែកព័ត៌មាន និងការអនុវត្តដែលមានប្រសិទ្ធភាព និងផ្តល់ការគាំទ្រផ្នែកច្បាប់ដែលអាចសម្រួលដល់លំហូរពាណិជ្ជកម្មនៃក្រុមហ៊ុនអ្នកនាំចូល និងនាំចេញទាំងអស់។
ជាការឆ្លើយតបលោក Johnson បាននិយាយថា៖ជារៀងរាល់ថ្ងៃ អាមេរិក និងអង់គ្លេសតែងតែបានធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធដើម្បីអាចបញ្ចប់ទៅនូវការជូញដូរទំនិញខុសច្បាប់ និងគេចពន្ធនៅទូទាំងតំបន់អាត្លង់ទិកចាប់រាប់ពីកាំភ្លើង ថ្នាំញៀន សត្វព្រៃព្រមទាំងថ្នាំពេទ្យជាដើមផង៕