សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតអបអរសាទរ លោក ចូ បៃឌិន ដែលជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើលិខិតមួយជូន លោក ចូ បៃឌិន ដោយសម្តែងការអបអរសាទរចំពោះការជាប់ឆ្នោត ក្លាយជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ។ សារលិខិតរបស់សម្ដេច ជូនលោក ចូ បៃឌិន បានសរសេរថា តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមានកិត្តិយសដ៏ធំធេង និងសេចក្ដីសោមនស្សរីករាយឥតឧបមា សូមសម្ដែងអំណរសាទរជូនចំពោះឯកឧត្តម ដែលបានជាប់ឆ្នោតជាប្រវត្តិសាស្ត្រ ជាប្រធានាធិបតីសហរដ្ឋអាមេរិកលើកទី៤៦។

សារលិខិតបានបន្តថា បទពិសោធន៍ដ៏ធំធេង និងភាពជាអ្នកដឹកនាំដ៏វាងវៃរបស់ឯកឧត្តម គឺជាកត្តាសត្យានុម័តក្នុងការទទួលបាននូវទំនុកចិត្តពីប្រជាជនអាមេរិក។ ខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក នឹងបន្តរីកចម្រើនទៅមុខ និងរួមចំណែកនាំឲ្យពិភពលោកមានស្ថិរភាព និងវិបុលភាពកាន់តែល្អប្រសើរថែមទៀត។

រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តែងតែផ្ដល់សារៈសំខាន់យ៉ាងធំធេងដល់ការពង្រឹង និងពង្រីកនូវទំនាក់ទំនងជាមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរដែលនៅក្នុងឆ្នាំនេះ យើងកំពុងតែប្រារព្ធខួបលើកទី៧០។ ខ្ញុំសសូមគូសបញ្ជាក់ថា រាជរដ្ឋាភិាបលរបស់ខ្ញុំ បានប្ដេជ្ញាចិត្តយ៉ាងពេញលេញ ក្នុងការធ្វើការងារជាមួយរដ្ឋបាលរបស់ឯកឧត្តម ដើម្បីជម្រុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែប្រសើរបន្ថែមទៀត។

សារលិខិតរបស់សម្ដេចតេជោ បានបន្តថា ក្នុងឱកាសដ៏មហានក្ខត្តឬក្សនេះ ខ្ញុំសូមជូនពរឯកឧត្តមប្រធានាធិបតីជាប់ឆ្នោត និងរដ្ឋាភិបាលរបស់ឯកឧត្តម សូមទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងការបំពេញភារកិច្ចជាប្រវត្តិសាស្ត្ររបស់ឯកឧត្តមក្នុងការដឹកនាំប្រជាជាតិអាមេរិក៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner