សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា គាំទ្រការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាដែលឲ្យបេក្ខជនប្រលងបាក់ឌុប ជាប់ទាំងអស់

ភ្នំពេញ៖ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្ដីថ្លែងការណ៍ គាំទ្រការសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលអនុញ្ញាតឲ្យសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៩-២០២០ ជាប់ដោយមិនបាច់ឆ្លងកាត់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយសារវិបត្តិជំងឺកូវីដ-១៩។

សេចក្ដីថ្លែងការណ៍ដដែល សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលមានសមាជិក ១១៤គ្រឹះស្ថានសិក្សា សូមប្រកាសគាំទ្រទាំងស្រុង និងសូមអនុវត្តឲ្យមានប្រសិទ្ធភាពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីលទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៩-២០២០ ដែលកំណត់ឲ្យជាប់ជាស្ថាពរ ចំពោះ បេក្ខជនទាំងអស់ដែលបានចុះឈ្មោះប្រឡង ដោយគ្មានការកំណត់និទ្ទេស។

សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សូមថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅក្រៃលែងឥតឧបមា ចំពោះដំណោះស្រាយជាតិប្រកបដោយបញ្ញាញាណ គំនិតឆ្នៃប្រឌិត និងនវានុវត្តន៍ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្ដីជូនដំណឹងមួយ ដោយសម្រេចឲ្យបេក្ខជនចុះឈ្មោះប្រលងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០១៩-២០២០ ជាប់ជាស្ថាពរ ដោយគ្មានការកំណត់និទ្ទេស៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner