ប្រេងឡើងថ្លៃដល់៤៣ដុល្លារ ក្នុងមួយបារ៉ែល ក្រោយអង្គការអូពិច និង ប្រទេសជាសម្ព័ន្ធមិត្តព្រមព្រៀងកាត់បន្ថយផលិតកម្មប្រេងថែមទៀត

បរទេស៖ អង្គការអូពិច និងប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួនមួយចំនួនទៀត នៅក្នុងក្រុមដែលហៅថា អូពិចផ្លាស់គ្រុប (Opec+ group) បានព្រមព្រៀងគ្នាកាលពីចុងសប្តាហ៍មុននេះថា នឹងពន្យាពេលកាត់បន្ថយការផលិតប្រេងមួយខែថែមទៀត ហើយសន្យាថា នឹងអនុវត្តន៍តាមយ៉ាងហ្មត់ចត់ដើម្បីធានាថា សមាជិកនែក្រុមប្រទេសផលិតប្រេងមិនបូមប្រេងច្រើនជាងអ្វីដែលពួកគេបានសន្យានោះទេ នេះបើតាមសារព័ត៌មាន CGTN នាពេលថ្មីៗ ។

ទន្ទឹមគ្នា តម្លៃប្រេងបានកើនឡើងដល់៤៣ដុល្លារក្នុងមួយបារ៉ែល​ ក្នុងចក្រភពអង់គ្លេស នៅថ្ងៃទី០៨ ខែមិថុនានេះ ខណៈប្រេងឆៅ ប្រេន ឡើងថ្លៃដល់៤៣.៤១ដុល្លារក្នុងមួយបារ៉ែល ដោយកើនឡើង១.០២ ដុល្លារ ឬ ២.៤ភាគរយ ។ តម្លៃប្រេងឆៅសហរដ្ឋអាម៉េរិក WTI ឡើង ថ្លៃ៨៣សេន ឬ ២.១ភាគរយរហូតដល់តម្លៃ៤០.៣៨ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងទាំងពីរនេះបានកើនឡើងខ្ពស់បំផុតចាប់តាំងពីថ្ងៃទី០៦ ខែមីនាកន្លងមក ។

សូមជម្រាបថា ប្រេងឆៅ ប្រេន បានកើនឡើងជិតទ្វេដងចាប់តាំងពីដើមខែមេសាឆ្នាំនេះ ដោយសារតែមានការកាត់បន្ថយការផលិតដែលមិនធ្លាប់មានពីមុនមក ចំនួន៩.៧លានបារ៉ែលក្នុងមួយថ្ងៃ ដោយអង្គការអូពិច ប្រទេសរុស្ស៊ី និងក្រុមសម្ព័ន្ធមិត្ត។ បន្ថែមលើនេះ ក្រុមអូពិចផ្លាស់គ្រុប ក៏បានអូសបន្លាយពេលកិច្ចព្រមព្រៀងនេះ ដើម្បីដកការផ្គត់ផ្គង់ប្រេងនៅពិភពលោករហូតដល់ចុងខែកក្កដា ឆ្នាំ២០២០ខាងមុខផងដែរ៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner