សម្ដេចចៅហ្វាវាំង គង់ សំអុល គង់ បាននំាយកព្រះរាជអំណោយដ៏ថ្លែថ្លារបស់ ព្រះមហាក្សត្រ ចែកជូនប្រជាពលរដ្ឋប្រមាណជា៣៤២គ្រួសារ ស្ថិតនៅស្រុកសំរោងទង ដែលរងគ្រោះដោយខ្យល់កន្ត្រាក់

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ស្ពឺ៖ សម្ដេចចៅហ្វាវាំង គង់ សំអុល គង់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង តំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ បានអញ្ជើញនាំយកនូវព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងមហាក្សត្រី ចែកជូនដល់ប្រជានុរាស្ត្ររងគ្រោះ ដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ចំនួន៣៤២គ្រួសារ ក្នុងនោះមកពីឃុំសំបូរមានចំនួន៣២៤គ្រួសារ ឃុំសំរោងទងមានចំនួន១២គ្រួសារ និងឃុំត្រពាំងគងមានចំនួន៦គ្រួសារ ពិធីនេះពិធីនេះប្រារព្ធធ្វើនៅឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សម្ដេចចៅហ្វាវាំងគង់ សំអុល មានប្រសាសន៍ពាំនាំព្រះរាជ្យបន្ទូលបណ្ដាំសាកសួរសុខទុក្ខ ពីព្រះមហាក្សត្រ និងព្រះមហាក្សត្រី ដោយក្តីនឹករលឹក និងក្រៀមក្រំបំផុតពេលដែលបានលឺប្រជានុរាស្ត្ររបស់ព្រះអង្គរ ជួបរងគ្រោះដោយខ្យល់កន្ត្រាក់ ធ្វើឲ្យខូចខាតផ្ទះសម្បែង និងខូចខាតសម្ភារៈដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់កូនចៅព្រះអង្គ។
ជាមួយគ្នានោះផងដែរសម្ដេចបាន ផ្ដាំផ្ញើឱ្យបង ប្អូន កូន ក្មួយ ដែលជួបរងគ្រោះដោយខ្យល់កន្ត្រាក់ទាំងអស់នេះ ត្រូវខិតខំជួសជុលជម្រកដែលរងការខូចខាតដោយខ្យល់កន្ត្រាក់នេះឱ្យបានគត់មត់ឡើងវិញ នឹងត្រូវខិតខំបន្តរកស៊ីទទួលទានដើម្បី​ស្ដារជីវភាពគ្រួសារឲ្យកាន់តែល្អប្រសើរឡើងវិញបន្ថែមទៀត។

ហើយការរស់នៅត្រូវមានអនាម័យ-ត្រូវណែនាំកូនចៅ នៅឱ្យឆ្ងាយអំពីគ្រឿងញៀន-ពេលធ្វើដំណើរត្រូវគោរពច្បាប់ចរាចរណ៍ និងចូលរួមការពារខ្លួនពីជំងឺកូវិដ១៩ ឲ្យបានគ្រប់គ្នាផងដែរ។ ព្រះរាជអំណោយដែលយក មកចែកជូនដល់គ្រួសាររងគ្រោះទាំង៣៤២គ្រួសារខាងលើ ក្នុងនោះគ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន ២១គ្រួសារទទួលបាននូវអង្ករ ៥០ គីឡូក្រាម ឃីតមួយកញ្ចប់ និងថវិកាចំនួន ៨ សែនរៀល។ ហើយគ្រួសាររងគ្រោះមធ្យមទទួលបាននូវអង្ករ៥០គីឡូក្រាម- តង់មួយ -ឃីតមួយ និងថវិកា ៤សែនរៀលផងដែរ៕ ដោយ៖ម៉ុន សំអ៊ាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner