រដ្ឋបាលរាជធានីភ្នំពេញបន្តការជួសជុល និងអ៊ុតផ្លូវជាច្រើនខ្សែរនៅខណ្ឌដូនពេញដែលទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តសកម្មភាពជួសជុល និងអ៊ុតកៅស៊ូកំណាត់ផ្លូវលេខ៧៤ប្របនឹងគល់ស្ពានជ្រោយចង្វាត្រើយខាងលិចក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយបានធ្វើសកម្មភាពនាថ្ងៃទី១៧ធ្នូនេះក្រោយពីផ្លូវនេះទទួលរងការខូចខាតក្រោយជំនន់ទឹកភ្លៀង។

ក្រោមការណែនាំពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងលោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ នៅរសៀលថ្ងៃទី១៧ ធ្នូនេះ បានចុះពិនិត្យដំណើរការនៃការជួសជុលកែលំអរផ្លូវជាច្រើនខ្សែនេះ ដើម្បីឲ្យការដ្ឋានដំណើរការបានល្អប្រសើរ។

ក្រុមមន្ត្រីបច្ចេកទេសបានឲ្យដឹងថា កំណាត់ផ្លូវលេខ៧៤ដែលត្រូវអ៊ុតកៅស៊ូបន្ថែមនាពេលនេះមានប្រវែង២៦០ម៉ែត្រ ទទឹង១១ម៉ែត្រដោយកែលម្អគ្រឹះ និងចាក់អ៊ុតកៅស៊ូពីលើកៅស៊ូចាស់ប្រភេទ ម៉ាកដាំដែលបានធ្វើឡើងជាយូឆ្នាំមក ហើយ ដោយចាក់អ៊ុតកៅបន្ថែមជាលើកដំបូងដើម្បីធានាការប្រើប្រាស់បានយូ ។ ម៉្យាងទៀតកំណាត់ផ្លូវនេះ ក៏ជាផ្លូវដែលមានសារសំខាន់លើការរំដោះចរាចរណ៍ និងសម្រួលលំហូរចរាចរណ៏នៅតំបន់គល់ស្ពានជ្រោយចង្វាត្រើយខាងលិចផងដែរ។

លោក សាំ ពិសិដ្ឋ បានឲ្យដឹងថា ក្រោយទឹកជំនន់ទឹកភ្លៀងស្រកអស់ ផ្លូវចំនួន ២៩ខ្សែក្នុងភូមិសាស្ត្រ
រាជធានីភ្នំពេញ បានទទួលរងការខូចខាត។ ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំផ្ទាល់ពីឯកឧត្តម ឃួង ស្រេង ផ្លូវដែលខូចខាតទាំងអស់នឹងត្រូវបានជួសជុលកែលម្អរឡើងវិញធ្វើឲ្យប្រជាពលរដ្ឋមាន ក្តីសប្បាយរីករាយក្នុងការធ្វើដំណើរបានងាយស្រួល។

អាជ្ញាធរក៏ដូចមន្ត្រីជំនាញ បានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរចំពោះការរំខានដោយមានការបិទផ្លូវ ឬបិទទីតាំងបណ្តោះអាសន្ននៅពេលការដ្ឋានចាប់ដំណើរការ។ការយកចិត្តទុកដាក់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ពិតជាបានជួយសម្រាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងបានកែប្រែសោភណ្ឌភាពរាជធានីភ្នំពេញឱ្យកាន់តែស្រស់បំព្រងថែមទៀត។

រយៈពេលប៉ុន្មានថ្ងៃមកនេះ អាជ្ញាធររាជធានីភ្នំពេញបានជំរុញការជួសជុលផ្លូវ និងពង្រីកផ្លូវទៅដំណាលគ្នាតែម្តង។ចំពោះមុខក្នុងខណ្ឌដូនពេញ មានផ្លូវលេខ ៧៤,ផ្លូវលេខ៧២,៧៦,រង្វង់មូលគួចកាណុង​ និងកំណាត់ផ្លូវប៉ាស្ទ័រចាប់ពីផ្លូវលេខ១១៤(ផ្លូវក្រមួនស)ដល់ផ្លូវព្រះសីហនុប្រវែង១៨០០ម៉ែត្រ ទទឹង៨ម៉ែត្រកន្លះនឹងត្រូវធ្វើការជួសជុលកែលម្អរដោយធ្វើគ្រឹះជាថ្មី និងពង្រីកបន្ថែមនៅកន្លែងខ្លះ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner