សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ក្រើនរំលឹកដល់ប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដោយត្រូវបង្កើនការអនាម័យ ឲ្យបានជាប់ជាប្រចាំ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តព្រះវិហារ៖ អនុប្រធានគណៈកម្មការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ លោក សំ លាងទ្រី លោកបានណែនាំដល់ប្រជាពលរដ្ឋ ឲ្យបន្តរួមគ្នាថែរក្សាសុខភាព និងបង្កើនការអនាម័យអោយបានជាប់ជាប្រចាំ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ទាំងអស់គ្នា បើទោះបីជាស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា មានសភាពថមថយមកនៅកម្រិតទាប យ៉ាងណាក៏ដោយចុះ ។

ប្រសាសន៍ណែនាំរបស់ លោក សំ លាងទ្រី បានធ្វើក្នុងគ្រាដែលលោក បានដឹកនាំក្រុមការងារ សាខាកាកបាទក្រហមកម្ពុជាខេត្ត ស្រុក រួមជាមួយអាជ្ញាធរក្នុងមូលដ្ឋាន នាំយកជំនួយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ទៅប្រគល់ជូនគ្រួសារក្រីក្រជាង៣០គ្រួសារ ដែលកំពុងជួបការលំបាកក្នុងជីវភាព ស្ថិតនៅក្នុងភូមិបឹង ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នាថ្ងៃទី៨មិថុនាឆ្នាំ២០២០នេះ។

លោក សំ លាងទ្រី បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ និងការនឹករលឹក ពីសំណាក់សម្តេចគិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋទាំងអស់ នៅទីនោះផងដែរ ។ លោកបានបន្តថា ដោយមើលឃើញពីតម្រូវការ និងភាពខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ជាពិសេស ជនចាស់ជរា កុមារកំព្រា ស្រ្តីមេម៉ាយ ដែលកំពុងរស់នៅក្នុងមូលដ្ឋាននេះ ហើយកំពុងជួបប្រទះការលំបាក ដូច្នេះហើយ ទើបក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បាននាំយកអំណោយចុះមកដោយផ្ទាល់ ដើម្បីផ្តល់ជូននូវជំនួយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ទុកជាការជួយសម្រួល នូវការលំបាកក្នុងជីវភាពប្រចាំថ្ងៃ បានមួយកម្រិតដែរ ។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការថែរក្សាសុខភាព ក្នុងការរស់នៅឲ្យបានស្អាតជានិច្ច និងបង្កើនការអនាម័យអោយបានជាប់ជាប្រចាំ ជាពិសេស ត្រូវប្រុងប្រយ័ត្ន និងចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ បើទោះបីជាប្រទេសកម្ពុជា មានការថយចុះ នៃជំងឺកូវីដនេះយ៉ាងណាក្តី នោះក៏មិនត្រូវធ្វេសប្រហែសជាដាច់ខាត ។

លោក សំ លាងទ្រី និងក្រុមការងារថ្នាក់ខេត្ត និងស្រុក រួមទាំងមន្ត្រីមូលដ្ឋាន បានឧបត្ថម្ភអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋក្រីក្រ ដូចចាស់ជរាគ្មានទីពឹង ចំនួន ៣០គ្រួសារ ក្នុង១គ្រួសារៗ ទទួលបានអង្ករ ត្រីខកំប៉ុង មី ទឹកស៊ីអ៊ីវ ទឹកក្រូច និងថវិកាមួយចំនួនផងដែរ ។

បន្តាប់មក លោក សំ លាងទ្រី និងក្រុមការងារ បានបន្តចុះសាកសួរសុខទុក្ខ នាំយកអំណោយ និងថវិការបស់កាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំខេត្តព្រះវិហារ ចុះទៅតាមខ្នងផ្ទះប្រជាពលរដ្ឋ ដែលជាស្ត្រីមេម៉ាយមានជីវភាពដុនដាបខ្លាំង ចំនួន២គ្រួសារបន្ថែមទៀត ដើម្បីឧបត្ថម្ភជំនួយសង្គ្រោះ រួមនឹងថវិកាមួយចំនួន ដល់គ្រួសារទីទ័លក្រ នៅក្នុងមូលដ្ឋាននោះ ថែមទៀតផង៕ដោយ៖ឡុង សំបូរ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner