ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ៖ អភិបាលខណ្ឌ ចៅសង្កាត់ ទាំងអស់ត្រូវចុះកាយសំរាម តាមមាត់លូក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បី ដោះស្រាយកុំឲ្យទឹកជន់ហូរមិនទាន់ ខណៈរដូវវស្សាបានឈានមកដល់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ អភិបាលរាជធានី ឯកឧត្តម ឃួង ស្រេង បានជំរុញឲ្យអភិបាលខណ្ឌ ចៅសង្កាត់ ត្រូវចុះកាយសំរាម តាមមាត់លូក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបើកចរន្តផ្លូវទឹកហូរទៅកាន់ប្រឡាយ លូ អាងស្តុបទឹក ដើម្បីធ្វើយ៉ាងណា ដោះស្រាយកុំអោយទឹកជន់ហូរមិនទាន់ ខណៈរដូវវស្សាបានឈានមកដល់ ហើយនាប៉ុន្មានថ្ងៃមុននេះ ពោលគឺក្រោយពីមានភ្លៀងធ្លាក់មួយមេ ពីរមេធំៗ កន្លងមកនេះគេបានឃើញ តំបន់មួយចំនួនបានកកស្ទះដោយសំរាម ។ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានជំរុញបែបនេះ ក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹងវិធានការដោះស្រាយបញ្ហាលូ ប្រឡាយ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា តំបន់មួយចំនួនដែលទទួលរងការលិចលង់ដោយទឹកជំនន់ដោយសារតែ ប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ខ្លាំង រហូតដល់កំពស់ទឹក១០៥មីលីម៉ែត្រ ដែលធ្វើឲ្យតំបន់មួយចំនួនមានការលិចលង់ ។ លោកថា ការលិចលង់នេះ គឺផ្ដើមចេញពីមូលហេតុមួយចំនួនផងដែរ ដូចជា ការរំលោភយកប្រឡាយ ការទុកដាក់សំរាមមិនបានល្អ ធ្វើឲ្យសំរាមហូរចូលទៅក្នុងប្រឡាយ លូជាដើម។ ជុំវិញបញ្ហានេះ លោកសូមឱ្យអភិបាលខណ្ឌ ចៅសង្កាត់ ត្រូវចុះផ្ទាល់ដល់ទីតាំងប្រឈមនៅពេលមានភ្លៀងធ្លាក់ម្ដងៗ គឺទៅធ្វើសកម្មភាពកាយសំរាមចេញពីលូ ប្រឡាយ ដើម្បីធ្វើយ៉ាងណាអោយទឹកអាចហូរបានលឿន។

ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការទុកដាក់សំរាមមិនបានល្អ បណ្ដាលឲ្យហូរចូលទៅក្នុងប្រឡាយ លូនេះ ជាវិធានការចំពោះមុខអាជ្ញាធររាជធានីភ្នំពេញ និងធ្វើការផាកពិន័យចំពោះប្រជាពលរដ្ឋដែលទុកដាក់សំរាម មិនបានត្រឹមត្រូវ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា មុននៃការអនុវត្តនូវវិធានការផាកពិន័យនេះ ក្នុងនាមយើងជាអាជ្ញាធរត្រូវសម្អាតខ្លួនប្រាណឲ្យបានល្អជាគំរូដល់ប្រជាពលរដ្ឋជាមុនសិន។

ឯកឧត្តម ឃួង ស្រេង បញ្ជាក់ផងដែរថា បញ្ហាសំរាម បញ្ហាការលិចលង់ គឺជារឿងទាំងអស់គ្នា ទាំងប្រជាពលរដ្ឋ និងអាជ្ញាធរ។ ដូច្នេះយើងត្រូវរួមគ្នាសហការគ្នាដើម្បីធ្វើកិច្ចការងារនេះ បើសិនគ្មានការចូលរួមពីប្រជាពលរដ្ឋទេ យើងក៏មិនអាចអនុវត្តន៍ការងារនេះ បានជោគជ័យដែរ ។

ឯកឧត្តម បានបញ្ជាក់ទៀតថា កិច្ចប្រជុំខាងលើនេះធ្វើឡើងដើម្បីឲ្យអាជ្ញាធរខណ្ឌ សង្កាត់ ដូចជាមន្ត្រីជំនាញសាធារណការលើកឡើងពីបញ្ហាប្រឈមពិភាក្សារួមគ្នា ដើម្បីដោះស្រាយធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញ លែងលិចលង់ដោយជំនន់ទឹកភ្លៀង ហើយជាទិសដៅចំពោះមុខ នៅក្នុងរដូវវស្សានេះ រដ្ឋបាលរាជធានីភ្នំពេញ និងកំណត់ទីតាំងដែលប្រឈមនៃការលិចលង់ខ្លាំងជាងគេ ដើម្បីយើងនឹងអាចដាក់ស្ថានីយមួយនៅទីតាំងនោះ ដើម្បីបូមទឹកចេញភ្លាមៗតែម្ដង ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner