ព្យុះត្រូពិក គ្រីស្តូបល កំពុងឆ្ពោះទៅវាយប្រហារសហរដ្ឋអាមេរិក ខណៈអាជ្ញាធរ រដ្ឋល្វីស្យាណា ចេញបញ្ជាឲ្យប្រជាជនជម្លៀសខ្លួនជាបន្ទាន់

សហរដ្ឋអាមេរិក៖ ព្យុះត្រូពិក គ្រីស្តូបល បាននិងកំពុងរំកិលខ្លួនយ៉ាងលឿនទៅកាន់ទីក្រុងភាគខាងត្បូងសហរដ្ឋអាមេរិក ខណៈអាជ្ញាធរទីក្រុងញូអូលីនស៍ រដ្ឋល្វីស្យាណា បានចេញបញ្ជាឲ្យប្រជាជនជម្លៀសខ្លួនទៅកាន់ទីកន្លែងសុវត្ថិភាពជាបន្ទាន់ នេះបើតាមសារព័ត៌មានស៊ីនហួរនាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ។

នៅព្រឹកថ្ងៃអាទិត្យម្សិលមិញ ព្យុះត្រូពិកនេះ បានវាយប្រហារមកដល់ដងវិថីនានា នៃតំបន់កោះហ្គ្រេនដ៍ ដែលស្ថិតនៅតាមបណ្តោយឆ្នេរនៃរដ្ឋល្វីស្យាណា ខណៈក្រុមអ្នកទេសចរណ៍ និង ប្រជាជនត្រូវបានបញ្ជាឲ្យជម្លៀសជាបន្ទាន់ ចេញពីតំបន់នោះដើម្បីសុវត្ថិភាព ។

សម្រាប់ប្រជាជនដែលអាជ្ញាធរតម្រូវឲ្យជម្លៀសនោះ គឺជាអ្នកដែលរស់នៅក្រៅពីតំបន់បណ្តោយប្រព័ន្ធលូបង្ហូរទឹករបស់ទីក្រុងញូអូលីនស៍ ហើយបើទោះបីជាព្យុះត្រូពិក គ្រីស្តូបល បានថមថយឥទ្ធិពលបន្តិចមែន ប៉ុន្តែវាត្រូវបានគេរំពឹងថា នឹងអាចបង្កជាភ្ញៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងដដែល ហើយវាក៏នឹងអាចបង្កជាការបាក់ដីផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner