នាយករដ្ឋមន្រ្តីម៉ាឡេស៊ីប្រកាសថា ការរាតត្បាតនៃមេរោគ COVID-19 នៅក្នុងប្រទេសខ្លួនត្រូវគ្រប់គ្រងបានដោយជោគជ័យ
ម៉ាឡេស៊ី៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin បានប្រកាសថា ការរាតត្បាតនៃជំងឺ COVID-19 នៅក្នុងប្រទេសលោក គឺត្រូវគ្រប់គ្រងបានដោយជោគជ័យ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ ។
ទន្ទឹមគ្នា លោក Muhyiddin Yassin បានបញ្ជាក់ថា រដ្ឋាភិបាលម៉ាឡេស៊ីនឹងបន្ធូរបន្ថយការរឹតត្បិតលើសកម្មភាពសង្គម ការអប់រំ និងសាសនាជាជំហានៗ និងដោយស្របទៅតាមគោលការណ៍ណែនាំផ្នែកសុខាភិបាល ហើយអាជីវកម្មនឹងត្រូវអនុញ្ញាតឲ្យវិលទៅរកម៉ោងធ្វើប្រតិបត្តិការដូចដើមវិញ ។
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីរូបនេះបន្ថែមទៀតថា ការធ្វើដំណើរឆ្លងរដ្ឋក៏នឹងត្រូវអនុ ញ្ញាតវិញផងដែរ ដែលចាប់ពីថ្ងៃទី១០ ខែមិថុនាខាងមុខ ប៉ុន្តែព្រំដែនអន្តរជាតិគឺនៅតែបិទដដែលសិន ។ ចំណែកកន្លែងកម្សាន្តដូចជា សួនកម្សាន្ត ក្លឹបរាត្រី និងកីឡាដែលតម្រូវឲ្យមានការធ្វើប្រាស្រ័យជិតស្និទ្ធ រួមទាំងព្រឹត្តិការណ៍ដែលមានមនុស្សប្រមូលផ្តុំគ្នាច្រើនខ្លាំងក៏មិនទាន់ឲ្យមានវិញនោះទេ ៕