ដំណើរកម្សាន្ត សប្បាយ សប្បាយ ពេញមួយថ្ងៃនៅស្រុកបន្ទាយស្រី

អត្ថបទដោយ៖
AMS

ដូចជាធ្លាប់ដើរលេងនៅក្នុងក្រុងសៀមរាបច្រើនហើយ ហើយគិតចង់ដើរកម្សាន្តនៅតាមស្រុកវិញម្តង? បើមានអារម្មណ៍បែបហ្នឹង កុំភ្លេចសាកទៅលេងនៅស្រុកបន្ទាយស្រី!

ដោយសារតែធ្លាប់បានទៅលេងនៅទីនោះញឹកញាប់ដែរ ទើបចង់ណែនាំអ្នកទាំងអស់គ្នានូវគម្រោង
ដំណើរកម្សាន្តពេញ1ថ្ងៃ​ដែលអាចឲ្យអ្នករីករាយនៅតំបន់ទេសចរណ៍ស្ទើរតែគ្រប់ទាំងអស់នៅក្នុង
ស្រុកដ៏ស្រស់ស្អាតមួយនេះ…

  • ញ៉ាំអាហារពេលព្រឹកនៅភូមិព្រះដាក់នរណាមិនល្បីរសជាតិដ៏ពិសេសរបស់នំបញ្ចុកព្រះដាក់នោះ មានទាំងសម្លខ្មែរ
    ខាប់ៗឆ្ងាញ់ខប់លាយនឹងអន្លក់ខ្ចីៗស្រស់ៗ អមដោយទឹកផ្អែមឈ្ងុយៗ ព្រមទាំងមានសម្លការីផងដែរ។
  • ទស្សនាសួនមេអំបៅជាទូទៅ កន្លែងនេះបើកពីម៉ោង9ព្រឹកទៅ…បើសិនអ្នកបានទៅចំថ្ងៃមេឃស្រលះល្អនោះ អ្នក
    នឹងអាចរីករាយនឹងការទស្សនាសត្វមេអំបៅជាច្រើនប្រភេទ​ នៅក្នុងសួនមេអំបៅក៏ដូចជាសួនផ្កាចម្រុះពណ៌ដ៏ស្រស់
    ស្អាត ហើយអ្នកក៏អាចស្វែងយល់អំពីដំណើរជីវិតរបស់មេអំបៅទៅតាមប្រភេទផងដែរ។
  • ទស្សនាសម្រស់ដ៏អស្ចារ្យនៃប្រាសាទបុរាណ

ជម្រើសទី1 ៖​ ប្រាសាទបន្ទាយស្រី (សម្រាប់អ្នកមិនសូវចូលចិត្តឡើងភ្នំ)ជាមួយនឹងរូបរាងតូចច្រឡឹង និងក្បូរ
ក្បាច់រចនាយ៉ាងទាក់ភ្នែកនៅលើផ្ទាំងថ្មពណ៌ផ្កាឈូក លោកអ្នកពិតជាភ្ញាក់ផ្អើលនឹងសម្រស់ដ៏ល្អឯករបស់
ប្រាសាទបុរាណខ្មែរយើងមួយនេះ អមជាមួយនឹងធម្មជាតិ និងទេសភាពស្រុកស្រែនៅជុំវិញផងដែរ។ សម្រាប់រដូវកាលខ្លះ អ្នកក៏អាចទស្សនាកន្លែងតាំងពិព័រណ៍អំពីការរុករកឃើញប្រាសាទ ការធ្វើកំណាយ…មើលសត្វស្លាប ជិះទូកកម្សាន្ត ទៀតផង។

ជម្រើសទី2 ៖ រមណីយដ្ឋាន ក្បាលស្ពាន (សម្រាប់អ្នកចូលចិត្តដើរតាមព្រៃភ្នំ)ជាសកម្មភាពដ៏ល្អម្យ៉ាងសម្រាប់
ការនៅក្បែរជិតស្និទ្ធនឹងធម្មជាតិខៀវស្រងាត់​តាមរយៈការដើរឡើងទៅមើលចម្លាក់ដ៏ស្រស់ស្អាតនៅខាងលើ ព្រមទាំងសម្រស់នៃទឹកធ្លាក់ដ៏ត្រជាក់ភ្នែក និងត្រជាក់ចិត្តផងដែរ។

  • ទទួលទានអាហារថ្ងៃត្រង់នៅសហគមន៍បឹងឈូកមានជម្រើសមួយចំនួនទៅតាមចំណូលចិត្តរបស់អ្នករវាងការអង្គុយនៅកញ្ចុះតាមដងអូរ ក្នុងហាងធម្មតា ឬកញ្ចុះបណ្តែតទឹកនៅបឹងថ្លាឈ្វង់ អមដោយទេសភាពដងភ្នំ និងផ្ទៃទឹកដ៏ធំល្វឹង
    ល្វើយដែលមើលទៅពិតជាស្រស់ស្រាយអារម្មណ៍ជាខ្លាំង។ ញ៉ាំបាយហើយ អាចសម្រាកលំហែដោយស្ងប់ចិត្តស្ងប់
    អារម្មណ៍មួយសន្ទុះសិន សឹមបន្តដំណើរទៀតក៏បាន ព្រោះបរិយាកាសពិតជាសែនល្អនៅក្នុងសហគមន៍មួយនេះ។
  • គយគន់ទេសភាពសួនផ្កានៅជើងភ្នំ (ឃុនរាម)ថ្វីត្បិតថានៅរាងឆ្ងាយបន្តិច ប៉ុន្តែបើបានទៅដល់ក្នុងថ្ងៃរះល្អ អ្នកនឹងពេញ
    ចិត្តខ្លាំងៗតែម្តង។ ជាមួយនឹងការរៀបចំតុបតែងកន្លែងសម្រាប់ថតរូបអមដោយមេឃស្រស់ថ្លា និងភ្នំវែងអន្លាយដាច់
    កន្ទុយភ្នែក អាចថតរូបបានមិនចេះតិចទេនៅទីនេះនោះ។ បើទៅលេងចំរដូវផ្កាប្លែកៗរីកផងនោះ ដឹងតែសប្បាយនឹងថត
    ជាមួយសម្រស់សួនផ្កាស្រស់ៗមិនខានទេ…

ខាងលើនេះ គ្រាន់តែជាការណែនាំតាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ…សង្ឃឹមថានឹងអាចជាគំនិតដល់អ្នកបានខ្លះៗសម្រាប់ដំណើរកម្សាន្តនៅស្រុកបន្ទាយស្រីរបស់អ្នក…

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner