លោក សេង លន៖ ក្រុមការងារអភិរក្សព្រៃឈើ ទប់ស្កាត់ការបរបាញ់សត្វគ្រប់ប្រភេទ នៅក្នុងតំបន់ដែលគ្រប់គ្រងដោយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នាក្រៅខេត្តសៀមរាប ទទួលបានលទ្ធផលល្អប្រសើរ

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ ការទប់ស្កាត់បទល្មើស លបលួចកាប់ឈើ និងបរបាញ់សត្វគ្រប់ប្រភេទនៅក្នុងតំបន់គ្រប់គ្រងដោយសង្កាត់រដ្ឋបាលព្រៃឈើ កន្ទួតខ្នារក្រៅ ប្រមាណជាង១ម៉ឺន៨ពាន់ហិចតា ត្រូវបានកាត់បបន្ថយស្ទើរទាំងស្រុងក្រោមការយល់ដឹង និងចូលរួមពីសំណាក់ប្រជាសហគមន៍ ក៏ប៉ុន្តែអ្វីដែលកំពុងបង្ករឲ្យមានគ្រោះបាត់បង់ដីព្រៃឈើ កំពុងកើតឡើងដោយការទិញ-លក់ដីព្រៃរបស់រដ្ឋ ដែលគ្រប់គ្រងដោយច្បាប់ ក្រោមអំពើឃុបឃិតគ្នាជាប្រព័ន្ធ។

លោក សេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត-ខ្នាក្រៅនៃខេត្តសៀមរាប បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៤ រហូតមកដល់បច្ចុប្បន្ននេះ ក្រោមការផ្តល់កិច្ចសហការដោយកងកម្លាំងកងទ័ពនៃយោធភូមិភាគទី៤ ការងារអភិរក្សព្រៃឈើ ទប់ស្កាត់ការបរបាញ់សត្វគ្រប់ប្រភេទនៅក្នុងតំបន់ដែលគ្រប់គ្រងដោយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នាក្រៅខេត្តសៀមរាប ទទួលបានលទ្ធផលល្អប្រសើរ តាមរយៈនៃការចល័តល្បាតនៅពេលថ្ងៃ និងយាមកាមប្រចាំនៅពេលយប់ តាមគោលដៅនានា ជាមួយនឹងការអប់រំបញ្ជ្រាបការយល់ដឹងជូនដល់ប្រជាសហគមន៍ផងដែរ ស្តីអំពីច្បាប់ព្រៃឈើ ។

លោកបានបន្តឲ្យដឹងថា៖ ការលបលួចចូលកាប់ឈើនៅក្នុងតំបន់នេះ ត្រូវបានកាត់បន្ថយស្ទើរតែទាំងស្រុង ក៏ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភខ្លាំងបំផុតនោះ គឺតំបន់ដីព្រៃក្រៅចំការពូជនោះ កំពុងទទួលរងនូវគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ( ឆ្នាំ២០១៧-២០១៨និង២០១៩ ) ដោយការកើតឡើងនូវអំពើឃុបឃិតគ្នាជាប្រព័ន្ធ រំលោភវាស់វែងផ្ទេរកម្មសិទ្ធិ លក់ ដូរ ដីព្រៃរបស់រដ្ឋ ដែលគ្រប់គ្រងដោយច្បាប់ ។

លោក សេង លន បានបង្ហើបឲ្យដឹងយ៉ាងដូច្នេះ នាថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងមកនេះ (ទី០៦ ខែមិថុនា ឆ្នាំ២០២០) នៅក្នុងប្រតិបត្តិការដាក់ពង្រាយកម្លាំងល្បាតព្រៃ និងបំពាក់បំរាមនៅតាមព្រំប្រទល់ រវាងដែនដីព្រៃរបស់រដ្ឋ និងដែនដីព្រៃរបស់សហគមន៍។ ដែនដីព្រៃដែលគ្រប់គ្រងដោយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត-ខ្នាក្រៅ មានប្រមាណជិត២ម៉ឺនហិចតា ស្ថិតនៅក្នុងភូមិសាស្រ្តឃុំកន្ទួត ស្រុកស្វាយលើ និងមួយផ្នែកទៀតស្ថិតក្នុងភូមិខ្នាររង្វះ ស្រុកបន្ទាយស្រី ដែលក្នុងនោះ មានដែនដីព្រៃចំការក្រញូងប្រមាណជាជិត២ពាន់ហិចតា ដែលត្រូវបានចាត់ទុកថា ជាតំបន់ប្រភពផ្តល់គ្រាប់ពូជតែមួយគត់នៅក្នុងប្រទេសកម្ពុជា។ ការអភិរក្សព្រៃឈើក្នុងតំបន់នេះ ត្រូវបានគាំទ្រដោយមូលនិធិមេគង្គឡានឆាង ក្រោមគម្រោងស្តារព្រៃឈើ និងលើកកម្ពស់ការប្រើប្រាស់ដោយនិរន្តរ៍ភាពនៅអាស៊ីអាគ្នេយ៍។

នាយសង្កាត់រដ្ឋបាលព្រៃឈើរូបនេះ បានសំណូមពរសុំឲ្យអាជ្ញាធរស្រុកពាក់ព័ន្ធ សហការចូលរួមដោះស្រាយករណីរំលោភច្បាប់ព្រៃឈើដោយការឃុបឃិតខាងលើ និងសុំឲ្យមានការគាំទ្រពីអាជ្ញាធរខេត្តសៀមរាបផងដែរ ដើម្បីបញ្ឈប់ជាស្ថាពរ ការផ្ទេរ ទិញ លក់ ដីព្រៃរបស់រដ្ឋដែលគ្រប់គ្រងដោយច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner