ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌចំការមន ជំរុញឲ្យប្រជាពលរដ្ឋ បន្តការពារខ្លួន និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារការឆ្លងជំងឺ COVID-19

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រក្នុងខណ្ឌចំការមនចំនួន២៥២គ្រួសារ មកពី៥សង្កាត់ នៅក្នុងបរិវេណវត្តទួលទំពូង កាលពីព្រឹកថ្ងៃអាទិត្យ ២រោច ខែជេស្ន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២០ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯ,ឧ អ៊ិត សំហេង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌចំការមន រាជធានីភ្នំពេញ បានជំរុញឲ្យប្រជាពលរដ្ឋបន្តការពារខ្លួន និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីជំងឺឆ្លងរាតត្បាត COVID-19 ដែលកំពុងវាយប្រហារជាសកល និងនៅក្នុងប្រទេសកម្ពុជាផងដែរ ទោះបីនៅកម្ពុជាហាក់មានសភាពធូស្រាលក្ដី ។

ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រី អ៊ិត សំហេង ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវតែបន្តរក្សាឲ្យបាននូវវិធានការអនាម័យ ដើម្បីសុខសុវត្ថិភាព ត្រូវតែពាក់ម៉ាស់រៀងរាល់ពេលធ្វើដំណើរចេញក្រៅផ្ទះ និងលាងដៃជាមួយសាប៊ូ និងអាល់កុលឲ្យបានញឹកញាប់។ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌចំការមនរូបនេះ ក៏បានរម្លឹកដែរថា COVID-19 គឺជាជម្ងឺមួយដែលពិភពលោកកំពុងមានការព្រួយបារម្មណ៍ ព្រោះមានលក្ខណៈឆ្លងរហ័សមិនថា អ្នកមានឬអ្នកក្រ ចាស់ឬក្មេងសុទ្ធតែអាចប្រឈម និងការឆ្លង ប្រសិនណាមិនបានការពារឲ្យបានភ្ជាប់ភ្ជួន។

ឯកឧត្ត រដ្ឋមន្ត្រី បានថ្លែងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ទាំងអស់ ចុះសុខទុក្ខប្រជាពលរដ្ឋក្នុងពេលដែល មានការរាតត្បាតនៃជំងឺកូវីដ១៩ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្អូន។ សម្ដេចតេជោ បានលើកឡើងនូវពាក្យស្លោកមួយថា មិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់ទទួលរងគ្រោះ ឬដាច់ស្បៀងដោយសារមិនបានទទួលការយកចិត្តទុកដាក់ពីរដ្ឋអំណាចមូលដ្ឋានឡើយ។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសឲ្យដឹង ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ មួយករណីថ្មីទៀត ដែលកើតលើប្រជាពលរដ្ឋខ្មែរ មានសញ្ជាតិបារាំង រស់នៅខណ្ឌសែនសុខ។ បុរសដែលរកឃើញមានកូវីដ១៩នេះ បានធ្វើដំណើរចាកចេញពីប្រទេសបារាំង តាមជើងហោះហើរពីកូរ៉េខាងត្បូង ចូលមកកម្ពុជា ហើយបុរសរូបនេះ បានធ្វើដំណើរមកដល់រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ និងត្រូវបានធ្វើតេស្តរកឃើញជំងឺកូវីដ១៩ នៅថ្ងៃទី០៦ ខែមិថុនា។ សរុបទាំងករណីថ្មីមួយករណីនេះផង កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ១២៦នាក់ហើយ។ ក្នុងនោះអ្នកជំងឺ ១២៣នាក់បានព្យាបាលជាសះស្បើយ ហើយអ្នកជំងឺ ៣នាក់ កំពុងសម្រាកព្យាបាលជំងឺ។

លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានឲ្យដឹងថា នេះជាលើកទី៥ហើយ ដែលអាជ្ញាធរបានរៀបចំពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ និងខ្វះខាត។ ប្រជាពលរដ្ឋមានជំងឺប្រចាំកាយ ដែលត្រូវទទួលអំណោយមានចំនួន២៥២នាក់ មកពីសង្កាត់ទាំង៥ របស់ខណ្ឌចំការមន។ លោកអភិបាលខណ្ឌ បានបន្តថា ពលរដ្ឋក្រីក្រនៅក្នុងខណ្ឌចំការមន មានចំនួនសរុប៨០៤គ្រួសារ ក្នុងនោះមានប័ណ្ណសមធម៌ចំនួន២៩២គ្រួសារ និងគ្រួសារដែលគ្មានបណ្ណសមធម៌ មានចំនួន៥១២គ្រួសារ ។

គួរបញ្ជាក់ថា ចំពោះអំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋក្រីក្រទាំង២៥២គ្រួសារនេះ ដោយក្នុង១គ្រួសារទទួលបានសម្ភារៈដូចជា៖ អង្ករ ១០គីឡូក្រាម ទឹកត្រី ០១ដប ទឹកស៊ីអ៊ីវ០១ដប ត្រីខ០២កំប៉ុង ស្ករស០១គីឡូក្រាម អំបិល០១គីឡូក្រាម មី០៥កញ្ចប់ សាប៊ូ០១ដុំ ម៉ាស១០សន្លឹក ក្រមា ០១ អាល់កុល ០១ដបតូចថវិកា ចំនួន២ម៉ឺនរៀលក្នុង១គ្រួសារ៕ធ.ដ

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner