សម្ដេចតេជោ ហ៊ុន សែន ផ្ញើសាររំលឹកដល់ប្រជា ពលរដ្ឋ ឲ្យចូលរួម ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចនៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសាររំលឹកដល់ប្រជាពលរដ្ឋ ឲ្យចូលរួមការពារនិងទប់ស្កាត់ជំងឺកូវី១៩ ដោយត្រូវមានម៉ាស់ ទឹកអាល់កុល ឬជែល ដាក់ជាប់តាមខ្លួនជាប្រចាំ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានសរសេរដូច្នេះថា ខ្ញុំសូមផ្ញើសាររំលឹកអំពីការចូលរួមទប់ស្កាត់ជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ជាពិសេស នៅថ្ងៃចុងសប្តាហ៍ ដែលអាចមានបងប្អូនប្រជាពលរដ្ឋមួយចំនួន ធ្វើដំណើរកំសាន្តនៅតាមតំបន់រមណីយដ្ឋាននានា ដែលអាចជួបជុំក្រុមមនុស្សច្រើន ឬក៏មានក្រុមគ្រួសារខ្លះ នាំកូនចៅទៅទទួលទានអាហារនៅតាមភោជនីយដ្ឋាន និងដើរកំសាន្តនៅតាមផ្សារទំនើបតូចធំជាដើម។ នៅតាមផ្សារ ភោជនីយដ្ឋាន ជាពិសេស មន្ទីរពេទ្យ ត្រូវមានម៉ាស់ និងទឹកអាល់កុល ឬជែលប្រើប្រាស់អោយបានត្រឹមត្រូវ និងគ្រប់គ្រាន់ ដើម្បីទប់ស្កាត់ការឆ្លងរោគ។

សម្តេចតេជោ បានបន្តថា ចំពោះបងប្អូនប្រជាពលរដ្ឋត្រូវមានម៉ាស់ ទឹកអាល់កុល ឬជែលដាក់ជាប់តាមខ្លួនជាប្រចាំ ព្រោះជំងឺនេះងាយឆ្លងណាស់។ កុំធ្វេសប្រហែសអោយសោះ ឬគិតលេងៗថាមិនអីទេ ប្រទេសយើងមិនឆ្លងទេ នោះគឺកំពុងប្រថុយនឹងគ្រោះថ្នាក់ធំហើយ។ជំងឺកូវីដ១៩ដ៏កាចសាហាវនេះកំពុងឆ្លងរាតត្បាតនៅពាសពេញពិភពលោក ដែលមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។ ដូច្នេះគ្រប់គ្នាត្រូវប្រុងប្រយ័ត្ន!ការពារសុខភាព។ បើមានចម្ងល់ឬបញ្ហាអ្វីមិនច្បាស់អំពីជំងឺកូវីដ១៩ (Covid-19) សូមទូរស័ព្វទៅលេខ ១១៥។ សម្ដេចក៏បានជូនពរបងប្អូនជនរួមជាតិ ធ្វើដំណើរមានសុខសុវត្ថិភាព និងចៀសផុតពីជំងឺឆ្លងកូវីដ១៩ ទាំងអស់គ្នា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner