អាជីវកម្មហ្គេមនៅម៉ាកាវរំពឹងងើបឡើងវិញដោយផ្អែកទៅលើបច្ចេកវិទ្យា
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះឲ្យដឹងថាទីក្រុងម៉ាកាវដែលត្រូវបានគេស្គាល់ថាជាទីប្រជុំដោយអាជីវកម្មហ្គេមធំបំផុតលើលោកនោះនឹងត្រូវបានគេជឿជាក់ថានឹងងាកទៅពឹងផ្អែកលើវិស័យបច្ចេកវិទ្យាវិញដើម្បីអាចឲ្យខ្លួនងើបចេញពីវិបត្តិសេដ្ឋកិច្ចដោយសារតែកូវីដ19។
ប្រភពដដែលបានសរសេរដែរថា កន្លងមកចុងក្រោយនេះ ទឹកដីម៉ាកាវបានគ្របដណ្តប់ទៅដោយឥទ្ធិពលដ៏អវិជ្ជមានដោយសារបម្រាមធ្វើដំណើរត្រូវបានធ្វើឡើងនៅស្ទើរគ្រប់ទីកន្លែងលើសកលលោកហើយជាពិសេសនោះគឺថាសេដ្ឋកិច្ចរបស់ក្រុងមួយនេះគឺពឹងផ្អែកទាំងស្រុងទៅលើអាជីវកម្មហ្គេមនិងភ្នាល់។
នៅក្នុងខែមិថុនាខាងមុខនេះតាមផែនការក្រុងម៉ាកាវនឹងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍បច្ចេកវិទ្យាមួយដែលមានឈ្មោះថា Beyond និងត្រូវបានស្គាល់ថាជាកម្មវិធីដែលមានលក្ខណៈស្រដៀងទៅនឹងព្រិត្តិការណ៍ពាណិជ្ជ
កម្មដ៏ល្បី CES នៅក្នុងទីក្រុងឡាសវេហ្គាស។យោងតាមការបញ្ជាក់របស់ក្រុមអ្នករៀបចំបានអះអាងថា Beyond
នឹងក្លាយទៅជាវិធីសាស្ត្រដើម្បីបង្ហាញពិភពលោកថាក្រុងម៉ាកាវគឺជាច្រកចូលថ្មីមួយទៀតដែលអាចជំនួសទីក្រុង
ហុងកុងបាននាពេលខាងមុខ។
កាលពីខែសីហាកន្លងទៅអជ្ញាធរក្រុងម៉ាកាវបានប្រកាសថាអាជីវកម្មហ្គេមនឹងងើបឡើងវិញយ៉ាងយឺតយ៉ាវបំផុតហើយគិតត្រឹមខែវិច្ឆិកាអាជីវកម្មនេះនៅតែអាចទាញយកប្រាក់ចំណេញប្រមាណជា 6,6 ពាន់លានដុល្លារប៉ុន្តែជាចំនួនដែលមានអត្រាធ្លាក់ចុះដល់ទៅ 80,5 ភាគរយធៀបទៅនឹងតួលេខកាលពីឆ្នាំ 2020។
ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍បច្ចេកវិទ្យាធំៗបែបនេះបានក្លាយទៅជាឧទាហរណ៍ជាក់ស្តែងដែលអាចបង្ហាញបានថាសេដ្ឋកិច្ចរបស់ក្រុងម៉ាកាវនឹងនៅតែមានឧិកាសងើបឡើងវិញព្រមទាំងប្រាក់ចំណេញដដែលទោះបីជាក្នុងស្ថានភាពកូវីដ19ក្តី៕