ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាក់ទងនឹងគោលនយោបាយឈ្នះឈ្នះ «គោលនយោបាយ ឈ្នះ ឈ្នះ នាំមកនូវសុខសន្តិភាព ស្ថេរភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា» (វគ្គទី១)
ប្រិយមិត្តអ្នកអានជាទីគោរព និងជាទីមេត្រី បណ្តាញផ្សព្វផ្សាយព័ត៌មានរបស់ទូរទស្សន៍អប្សរា សូមជូននូវព្រឹត្តិការណ៍ពិសេសប្រចាំឆ្នាំ«គោលនយោបាយ ឈ្នះ ឈ្នះ នាំមកនូវសុខសន្តិភាព ស្ថេរភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា»។ ឯកសារនេះបានចងក្រងរួមជាមួយខ្សែវីដេអូរំលឹកពីគំនិតផ្តួចផ្តើមនិងការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលះបង់កម្លាំងកាយចិត្ត បង្កើតយុទ្ធសាស្រ្តដែលពិភពលោករកគ្មាន ដើម្បីឱ្យប្រជាជាតិកម្ពុជាទាំងអស់បញ្ចប់សង្រ្គាមទាំងស្រុងនៅឆ្នាំ២០០៨ និងបាននាំឱ្យកម្ពុជាទទួលបានការបង្រួបបង្រួមជាតិ ទទួលបានសន្តិភាពពេញលេញ និងវឌ្ឍនភាពជឿនលឿនរហូតដល់បច្ចុប្បន្ន។ លោក ម៉ា យ៉ារិទ្ធ បានចងក្រងកម្រងឯកសារនេះ ដើម្បីបង្ហាញដល់ប្រិយមិត្តអ្នកអាន និងអ្នកទស្សនានៃបណ្តាញទូរទស្សន៍អប្សរាបានទទួលនូវចំណេះដឹងនៃព្រឹត្តិការណ៍ «គោលនយោបាយ ឈ្នះ ឈ្នះ នាំមកនូវសុខសន្តិភាព ស្ថេរភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា»
សហគមន៍អន្តរជាតិ បានបន្តដាក់ទណ្ឌកម្មសេដ្ឋ កិច្ចលើកម្ពុជាចំនួន១១ឆ្នាំ រវាងពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៩០ ដែលធ្វើអោយកម្ពុជាដែលក្រីក្រ កាន់តែធ្លាក់ខ្លួនដុនដាបថែមទៀតនាពេលនោះ។ កម្លាំងខ្មែរប្រឆាំងនៅជាយ ដែនជាច្រើនក្រុម បានលេចឡើងធ្វើការបះបោរប្រឆាំងនាពេលនោះ ដែលធ្វើអោយសង្គ្រាមស៊ីវិល ក្នុងប្រទេស កម្ពុជាកាន់តែឆាបឆេះសន្ធោរសន្ធៅ
ការស្វះស្វែងរកដំណោះស្រាយ បានចាប់ផ្តើមពីការចរចាដំបូងនាថ្ងៃទី២ធ្នូឆ្នាំ១៩៨៧ រវាងសម្តេចព្រះនរោត្តម សីហនុជាមួយនឹងសម្តេចតេជោហ៊ុនសែននៅភោជនីយដ្ឋាន Fair En Tardenoisនៃប្រទេសបារាំង…ដែលបន្ទាប់ ពីជំនួបនោះក៏បានឈានទៅមានការជួបគ្នារវាងភាគីខ្មែរមានជម្លោះជាបន្តបន្ទាប់នៅក្រុងហ្សាកាតាប្រទេសឥណ្ឌូណេស៊ី…បន្ទាប់មកបន្តទៅជប៉ុន…ទៅប្រទេសចិន…ឈានទៅជួបនៅប្រទេសថៃនៃទីក្រុងផាតាយ៉ាហើយបន្ទាប់មកក៏បានឈានដល់ការចុះហត្ថលេខាព្រមព្រៀងថ្ងៃទី២៣តុលាឆ្នាំ១៩៩១នៅក្នុងក្រុងប៉ារីសប្រទេសបារាំង។
ចលនាខ្មែរក្រហម ដែលបានធ្វើពហិកាការបោះឆ្នោតបានបន្តការវាយប្រហារ…ដាក់មីនបំផ្លាញស្ពាន…ដុតផ្ទះ សម្លាប់មនុស្សជាពិសេសភាពរើស អើងរបស់ក្រុមខ្មែរក្រហមជាមួយនឹងជាតិសាសន៍វៀតណាម… ដោយការ សម្លាប់ទាំងពូជនិងដុតផ្ទះអ្នកនេសាទ វៀតណាមនៅភូមិលើបឹងទន្លេសាបនោះជាដើម។ ក្រុមខ្មែរក្រហមថែមទាំងបានរារាំងដំណើរការរកសន្តិភាពរបស់ UNTACនិងថែមទាំងគំរាមរកសម្លាប់មន្ត្រីដឹក នាំកងកម្លាំងអង្គការសហប្រជាជាតិUNTACគឺលោក Benny Widyonoថែមទៀតផងនៅពាក់កណ្តាល ទសវត្ស ១៩៩០ផងដែរ។
ហេតុអ្វីបានជាក្រុមខ្មែរក្រហមធ្វើពហិកាការបោះឆ្នោតសកលឆ្នាំ១៩៩៣?
ក្រុមខ្មែរក្រហមបានធ្វើពហិកាការបោះឆ្នោតសកលឆ្នាំ១៩៩៣។ក្រុមខ្មែរក្រហមបានពង្រឹងមូលដ្ឋានធំៗរបស់ខ្លួនដូចជាមូលដ្ឋាននៅអន្លង់វែង…ប៉ៃលិន…ម៉ាឡៃ…សំឡូត…កំរៀង…ភ្នំព្រឹក្សនិងតាមកន្លែងជាច្រើនទៀតនៅតាម ភាពពាយព្យនិងបស្ចឹមប្រទេសនាពេលនោះ។
អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យលោកខៀវសំផន ក្នុងសៀវភៅមួយដែលលោកបានសរសេរក្នុង ទសវត្ស១៩៩០ បានបញ្ជាក់ថា មូលហេតុដែលខ្មែរក្រហមធ្វើពហិកាការបោះឆ្នោត គឺដោយសារតែមេចលនា ក្រុមទ័ពព្រៃបារម្ភខ្លាចក្រែងជាការដើរចូលអន្ទាក់ដោយសារតែអតីតកាលរបស់របបកម្ពុជាប្រជាធិបតេយ្យខ្មែរ ក្រហម បានជាប់ជំពាក់នឹងរឿងចោទប្រកាន់សម្លាប់មនុស្ស ប្រមាណ២លាននាក់រវាងឆ្នាំ១៩៧៥ដល់ ដើមឆ្នាំ ១៩៧៩។ លោក ខៀវ សំផន បានបញ្ជាក់បន្ថែមថា ការចូលរួមបោះឆ្នោតសកលនឹងក្លាយទៅ ជាការដើរចូល អន្ទាក់ និងនាំអោយមានការដកអាវុធពីក្រុមទ័ពព្រៃរបស់ពួកគេ និងក្រោយមកនឹងអាចនាំដល់ការបញ្ជួនមេដឹក នាំរបស់ពួកគេយកទៅកាត់ទោស។
លោក ខៀវ សំផន ក្នុងសៀវភៅរបស់គាត់ឈ្មោះ «ប្រវត្តិសាស្ត្រកម្ពុជាថ្មីៗនេះ និងគោលជំហររបស់ខ្ញុំជាបន្ត បន្ទាប់» បានសរសេរបន្តថា នៅក្រោយការចុះសន្ធិសញ្ញាក្រុងប៉ារីសថ្ងៃទី២៣តុលាឆ្នាំ១៩៩១ វិធីដែលខ្មែរក្រហម របស់លោកបានសិក្សាសម្លឹងរកមើលទិសដៅដើម្បីការធ្វើដំណើរចូលមកធ្វើនយោបាយនៅខាងក្នុងប្រទេសនោះវិញ ដោយសារតែកិច្ចព្រមព្រៀងក្រុងប៉ារីសបានចាត់ទុកភាគីខ្មែរក្រហមជាហត្ថលេខីមួយមានសិទ្ធិស្មើភាពនឹង ចលនាភាគីខ្មែរមានជម្លោះដទៃទៀត។
លោក ខៀវ សំផន បាននិយាយថាគំនិតរបស់ចលនាខ្មែរក្រហមគឺការបង្កើតគណបក្សនយោបាយមួយដើម្បីត្រៀមនឹងចូលរួមការបោះឆ្នោត។ ហេតុដូច្នេះហើយ ក្នុងដំណើរវិលពីព្រៃ ត្រឡប់ចូលមកធ្វើនយោបាយនៅក្នុងស្រុក កាលពីដើមទសវត្ស១៩៩០នោះ អតីតព្រះមហាក្សត្រ សម្តេចព្រះនរោត្តមសីហនុ នាគ្រានោះបានសព្វព្រះ រាជហឫទ័យផ្តល់ដីនាខាងត្បូងព្រះបរមរាជវាំងអោយភាគីខ្មែរក្រហមសង់ធ្វើជាទីស្នាក់ការសម្រាប់ភាគីកម្ពុជា ប្រជាធិបតេយ្យ។ ភាគីខ្មែរក្រហម ក្រោយការបង្កើត ទីស្នាក់ការគណបក្សរួចមក បានដាក់ឈ្មោះគណបក្ស របស់ខ្លួនថាគណបក្សសាមគ្គីជាតិដើម្បីត្រៀមចូលរួមនៅក្នុងការបោះឆ្នោតសកល។ លោក ខៀវ សំផន បាននិយាយថា ក្រុមខ្មែរក្រហមបានត្រៀមនឹងធ្វើការរំសាយកងទ័ពព្រៃរបស់ខ្លួនចំនួន៧០ភាគ រយនោះផងដែរ និងពេលនោះទៀត ក៏បានត្រៀមទុកក្រុមរបស់គេតាមផែនការដែលរៀបចំទុកជាស្រេច។
នៅឆ្នាំ១៩៩២ គណៈប្រតិភូខ្មែរក្រហមមួយក្រុមដឹកនាំដោយលោក ខៀវ សំផន និងលោក សុន សេនដែលជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិនៃរបបកម្ពុជាប្រជាធិបតេយ្យក៏បានធ្វើដំណើរមកភ្នំពេញតាមជើងយន្តហោះ។ ដំណើររបស់គណៈប្រតិភូខ្មែរក្រហមនាពេលនោះគឺជាដំណើរលើកដំបូងបង្អស់របស់មេដឹកនាំខ្មែរក្រហម ដែលបានវិលមករាជធានីភ្នំពេញវិញក្រោយការរត់ចាកចេញពីភ្នំពេញចាប់តាំងពីដើមឆ្នាំ១៩៧៩នោះមក។ ប៉ុន្តែវត្តមានរបស់គណៈប្រតិភូរបស់ខ្មែរក្រហមដឹកនាំដោយលោកខៀវសំផននិងលោកសុនសេននាពេលនោះ បានដុតកំហឹងប្រជាពលរដ្ឋដែលបាននឹងឃើញដល់អតីតកាលការកាប់សម្លាប់ខ្មែរក្រហមក្នុងរបបវាលពិឃាត៣ឆ្នាំ៨ខែ២០ថ្ងៃ។
មហាបាតុកម្មរបស់ប្រជាជនបានផ្ទុះឡើងនៅចំមុខផ្ទះគណៈប្រតិភូខ្មែរក្រហម ដែលបានសម្រាកនាកណ្តាលរាជធានីភ្នំពេញ។ប្រជាពលរដ្ឋដែលមានកំហឹងបានយកដុំថ្មចោលនិងគ្រវែងទៅលើផ្ទះដែលគណៈប្រតិភូខ្មែរក្រហមកំពុងស្នាក់នៅស្ថិតនៅលើផ្លូវភ្លោះយូហ្គោស្លាវីឬដែលគេស្គាល់ថាជាផ្លូវភ្លោះផ្សារអូរឫស្សី។ ក្នុងហេតុការណ៍ ហិង្សាដែលកំពុងកើតឡើងនោះកងកម្លាំងសន្តិសុខត្រូវបានគេពង្រាយដើម្បីការពារសុវត្តិភាពលោកខៀវសំផនលោកសុនសេននិងមន្ត្រីខ្មែរក្រហមដទៃទៀត។ កំហឹងរបស់ប្រជាជនទៅលើមេដឹកនាំខ្មែរក្រហមបាននាំអោយហ្វូងបាតុករបានទម្លុះរបាំងការពារសន្តិសុខក្នុងបំណងនាំគ្នាចង់សំរុកចូលទៅក្នុងផ្ទះដែលមេខ្មែរក្រហម ដែលកំពុងលាក់ខ្លួនពួននៅក្នុងបន្ទប់សុវត្តិភាពដើម្បីកុំអោយត្រូវដុំថ្មដែលក្រុមបាតុករបានគ្រវែងចូលទៅក្នុងផ្ទះ។កំហឹងរបស់ហ្វូងបាតុករត្រូវគេឃើញថាកាន់តែមានលក្ខណៈខ្លាំងឡើងៗហើយវិះស្ទើរតែមិនអាចគ្រប់គ្រងសន្តិ សុខបានឡើយបើគ្មានវត្តមានទាន់ពេលធ្វើអន្តរាគមន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនទាន់ពេលវេលានោះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលនោះ បានអញ្ជើញទៅដល់ទីកើតហេតុនិងបានធ្វើសេចក្តីអំពាវនាវប្រកាសតាមការបំពងឧគ្ឃោសនស័ព្ទអង្វរប្រជាជនបញ្ឈប់ការប្រើអំពើហិង្សាចោលដំបងនិងដុំថ្មទៅលើគេហដ្ឋាន ដែលគណៈប្រតិភូខ្មែរក្រហមកំពុងស្នាក់នៅ។
លោក ខៀវ សំផន ទោះជាយ៉ាងណាក៏ដោយ បានរងនឹងការចោលដុំថ្មប៉ះត្រូវក្បាលហូរចេញឈាមសស្រាក់។ ដោយមានការអង្វរកររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលនោះ គណៈប្រតិភូខ្មែរក្រហមត្រូវបានគេជួយសង្គ្រោះជីវិត និងបានចេញរួចផុតពីកំហឹងឡោមព័ទ្ធរបស់ប្រជាជន។ មេខ្មែរក្រហមទាំងអស់ ត្រូវបានក្រុមសន្តិសុខជម្លៀស ទៅទីសុវត្តិភាពមួយរយៈសិនក្នុងបរិវេណព្រះបរមរាជវាំង។ (នៅមានត)