អាជ្ញាធរខេត្តបាត់ដំបង និងរៀបចំមណ្ឌលចត្តាឡីស័ក នៅក្នុងបរិវេណវិទ្យាល័យព្រះមុនីវង្ស បន្ថែមដើម្បីទទួលពលករដែលត្រូវបញ្ជូនមកពីខេត្តបន្ទាយមានជ័យ

  ក្នុងដំណើរចុះពិនិត្យមើល ការធ្វើចត្តាឡីស័ករបស់ពលករ ក្នុងស្រុកកំរៀងនិងចុះពិនិត្យនៅតាមច្រកព្រំដែនកម្ពុជា-ថៃជាប់នឹងខេត្តបាត់ដំបង។ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងថា អាជ្ញាធរខេត្ត កំពុងត្រៀមរៀបចំនូវមណ្ឌលចត្តាឡីស័កមួយកន្លែងទៀត នៅក្នុងបរិវេណវិទ្យាល័យព្រះមុនីវង្ស ស្ថិតក្នុងក្រុងបាត់ដំបង ដើម្បីរង់ចាំទទួលបងប្អូនពលករ ដែលបានវិលត្រឡប់តាមច្រកព្រំដែនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ហើយត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យ និងបញ្ជូនមកកាន់ខេត្តសាមីរបស់ពួកគេ ដើម្បីដាក់នៅដោយឡែក រយៈពេល១៤ថ្ងៃ ក្នុងការទប់ស្កាត់កុំឲ្យមានការឆ្លងនិងចម្លងរីករាលដាលជំងឺកូវីដ-១៩ ។

  ក្នុងចុះពិនិត្យការធ្វើចត្តាឡីស័ករបស់ពលករ ក្នុងស្រុកកំរៀង និងពិនិត្យតាមច្រកព្រំដែនកម្ពុជា-ថៃ ជាប់នឹងខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ បានថ្លែងថា៖ដោយយោងតាមការជូនដំណឹងពីអាជ្ញាធរខេត្តបន្ទាយមានជ័យ ថា៖បងប្អូនពលករ ដែលមានទីលំនៅក្នុងខេត្តបាត់ដំបងមានចំនួនជាង១៣០នាក់ ដែលបានឆ្លងដែនវិលត្រឡប់មកពីថៃតាមច្រកនានានៃខេត្តបន្ទាយមានជ័យនិងកំពុងតែដាក់ឲ្យធ្វើចត្តាឡីស័ក ក្នុងខេត្តនេះ ។

       ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានបន្តថា ដោយសារខេត្តបន្ទាយមានជ័យ កំពុងខ្វះបន្ទប់សម្រាប់ធ្វើចត្តាឡីស័កចំពោះពលករ នៅក្រៅខេត្តរបស់ខ្លួន។ដូចនេះក៏បានស្នើឲ្យអាជ្ញាធរខេត្តបាត់ដំបង ទៅទទួលយកពលករដែលជាប្រជាពលរដ្ឋមានទីលំនៅក្នុងខេត្តបាត់ដំបង ដើម្បីយកមកធ្វើចត្តាឡីស័កបន្តក្នុងខេត្តខ្លួន។ ក្នុងខណៈ ដែលអាជ្ញាធរខេត្តបាត់ដំបង ក៏បានត្រៀមរួចជាស្រេចហើយ នូវមណ្ឌលចត្តាឡីស័ក ស្ថិតក្នុងក្រុងបាត់ដំបង ក្នុងបរិវេណ វិទ្យាល័យ ព្រះមុនីវង្ស ។

           លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង ក៏បានលើកឡើងដែរថា៖បច្ចុប្បន្ននេះអាជ្ញាធរខេត្តបាត់ដំបង បានរៀបចំនូវមណ្ឌលចត្តាឡីស័កមាននៅស្រុកសំពៅលូន, ស្រុកកំរៀងនិងស្រុកភ្នំព្រឹក។ហើយមណ្ឌលមួយចំនួន ក័កំពុងតែដាក់បងប្អូនពលករ ឲ្យធ្វើចត្តាឡីស័ក ក្រោយពីបងប្អូនពលករបានចូលមក តាមច្រកនានាជាប់ខេត្តបាត់ដំបង។ ហើយបងប្អូនទាំងនេះ ក៏បានធ្វើតេស្តយកវត្ថុសំណាករកជំងឺកូវីដ-១៩ផងដែរ តែមិនទាន់ចេញលទ្ធផលនៅឡើយទេ ។

      លោកបានបន្តថា ចំពោះពលករ មានទីលំនៅក្នុងខេត្តបាត់ដំបង ដែលបានឆ្លងដែនវិលត្រឡប់ពីថៃ តាមច្រកខាងខេត្តបន្ទាយមានជ័យ ពួកគេអាចបញ្ជូនមកធ្វើចត្តាឡីស័កបន្តនៅក្នុងវិទ្យាល័យព្រះមុនីវង្ស នៅថ្ងៃទី២៤ខែធ្នូនេះ។ ហើយខាងអាជ្ញាធរខេត្តបាត់ដំបងនឹងទៅទទួលដោយខ្លួនឯង រួមទាំងបានត្រៀមនូវឃីតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី រួចជាស្រេចផងដែរ។

        បើទោះបីមានលំហូរពលករចេញពីប្រទេសថៃ នៅតាមបណ្តាច្រកនានានៅខេត្តផ្សេងៗ យ៉ាងច្រើនក៏ដោយ។តែចំពោះការឆ្លងដែនរបស់ពលករ មកតាមច្រកនានាជាប់នឹងខេត្តបាត់ដំបង គឺ៖ នៅមានសភាពប្រក្រតីនៅឡើយនោះទេ។

      ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានគូសបញ្ជាក់បន្ថែមទៀតថាជាការកត់សម្គាល់ចាប់ពីថ្ងៃផ្ទុះការឆ្លងរីករាលដាលច្រើន នៅខេត្តសាមុទសាខននៃប្រទេសថៃ នៅច្រកនានាក្នុងភូមិសាស្ត្ររបស់ខេត្ត គឺមានពលករឆ្លងដែនវិលត្រឡប់ពីប្រទេសថៃ ចូលមកមានប្រមាណពី ៥០ទៅ១០០នាក់ ដូចថ្ងៃធម្មតា ដោយមិនមានសម្រុកមកច្រើននោះទេ ហើយបងប្អូនពលករទាំងនោះ ត្រូវបានគ្រប់គ្រង និងដាក់ឲ្យធ្វើចត្តាឡីស័កជាបន្តបន្ទាប់ផងដែរ៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner