បារាំងផ្តល់សញ្ជាតិដល់ជនចំណាកស្រុកដែលធ្វើការជួរមុខសម្រាប់កិច្ចការងារប្រឆាំងកូវីដ19
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ពលរដ្ឋចំណាកស្រុករាប់រយនៅក្នុងប្រទេសបារាំងដែលកំពុងតែធ្វើការងារជួរមុខដើម្បីប្រយុទ្ធប្រឆាំងទៅនឹងការរីករាលដាលនៃវិរុសកូវីដ19នោះគឺត្រូវបានរដ្ឋាភិបាលប្រកាសផ្តល់សញ្ជាតិបារាំងចាត់ទុកជារង្វាន់នៃកិច្ចខំប្រឹងប្រែងនាពេលកន្លងមក។
កាលពីថ្ងៃពុធម្សិលមិញនេះក្រសួងមហាផ្ទៃរបស់ប្រទេសបារាំងបានធ្វើការអញ្ជើញពលរដ្ឋជាជនចំណាកស្រុកដែលកំពុងធ្វើកិច្ចការងារប្រយុទ្ធប្រឆាំងទៅនឹងកូវីដទាំងនោះដើម្បីឲ្យមកជួបជុំគ្នា និងពន្លឿននៃដំណើរការស្នើសុំចូលសញ្ជាតិរបស់ពួកគេ ខណៈដែលជនចំណាកស្រុកប្រមាណជាជាង700 នាក់មកហើយដែលត្រូវបានផ្តល់សញ្ជាតិបារាំង និងកំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃការទទួលបានសញ្ជាតិ។
ក្រុមជនចំណាកស្រុកទាំងនោះរាប់មានតាំងតែពីអ្នកជំនាញខាងសេវាសុខាភិបាលសាធារណៈក្រុមអ្នកអនាម័យព្រមទាំងក្រុមអ្នកធ្វើការងារនៅក្នុងហាងលក់ទំនិញផ្សេងៗផង។
គួរឲ្យដឹងដែរថា ជាធម្មតាដើម្បីអាចទទួលបានសញ្ជាតិបារាំងបានបេក្ខភាពជាជនចំណាកស្រុកទាមទារចាំបាច់ឲ្យមានប្រវត្តិនៃការរស់នៅក្នុងប្រទេសបារាំងឲ្យបានយ៉ាងតិច5ឆ្នាំ មានប្រាក់ចំណូលសមស្រប និងស្ថិតស្ថេរមួយ ជាពិសេសគឺមានសកម្មភាពដែលស្របទៅតាមសង្គមនៃប្រទេសបារាំង៕