សហរដ្ឋអាមេរិកទិញវ៉ាក់សាំង Covid-19 ពីក្រុមហ៊ុនផលិតឱសថ Pfizer-BioNTech ចំនួន១០០លានដូសបន្ថែមទៀត ដើម្បីចាក់ជូនប្រជាជនខ្លួន
អាមេរិក៖ រដ្ឋាភិបាលអាមេរិកនឹងចំណាយប្រាក់ជិត២ពាន់លានដុល្លារ ដើម្បីបញ្ជាទិញវ៉ាក់សាំង COVID-19 ពីក្រុមហ៊ុនផលិតឱសថ Pfizer-BioNTech ចំនួន១០០លានដូសបន្ថែមទៀត ដើម្បីបង្កើនការផ្គត់ផ្គង់ក្នុងប្រទេស ស្របពេលករណីឆ្លងវីរុសនេះកើនឡើងយ៉ាងគំហុក នេះបើតាមសារព័ត៌មានរ៉យទ័រនៅយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ។
ទន្ទឹមគ្នា ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Pfizer លោក Albert Bourla បញ្ជាក់ថា ជាមួយវ៉ាក់សាំង១០០លានដូសបន្ថែមនេះ វានឹងអាចការពារប្រជាជនអាមេរិកបានកាន់តែច្រើន ហើយសង្ឃឹមថា វាអាចនឹងបញ្ចប់វីរុសឆ្លងដ៏កាចសាហាវមួយនេះអោយបានឆាប់រហ័ស ។
សូមជម្រាបថា ស្ថិតក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Pfizer-BioNTech នឹងត្រូវផ្គត់ផ្គង់វ៉ាក់សាំងចំនួន២០០ដូសទៅឲ្យរដ្ឋាភិបាលអាមេរិក ។ ហើយការចែកចាយ ត្រូវបានគេរំពឹងថា នឹងបញ្ចប់រួចរាល់នៅចុងខែកក្កដា ឆ្នាំ២០២១ខាងមុខ ខណៈកិច្ចព្រមព្រៀងនេះដែរ ក៏នឹងផ្តល់ឲ្យរដ្ឋាភិបាលនូវជម្រើសក្នុងការទិញរហូតដល់ទៅ៤០០លានដូសបន្ថែមទៀតផងដែរ ៕

