ក្រុមហ៊ុន Daehan Group របស់កូរ៉េ បង្ហាញគម្រោងនាំចូល និងដាក់ឱ្យដំណើរការម៉ូតូសាកថ្ម (Electric Vehicle) ដែលអាចប្តូរថ្មមានសាកនៅតាមស្ថានីយ៍ ជួយដល់ការកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថាន
ភ្នំពេញ៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្តែង ការគួរសម និងពិភាក្សាការងារជាមួយលោក Lee JaeHoo ប្រធានក្រុមហ៊ុន Daehan Groupប្រចាំកម្ពុជារួមជាមួយនឹងគណៈប្រតិភូ។
លោក Lee JaeHoo បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្ត្រីអំពីគម្រោងនាំចូល និងដាក់ឲ្យដំណើរការ ម៉ូតូសាកថ្ម (Electric Vehicle) ដែលអាចប្តូរថ្មមានសាកនៅតាមស្ថានីយ៍ ហើយអាចប្រើប្រាស់ សម្រាប់ធ្វើដំណើរបានចម្ងាយប្រមាណ១០០គីឡូម៉ែត្រ អាចកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថាន និងមានតម្លៃចន្លោះពី១០០០ ទៅ១៥០០ ដុល្លារសហរដ្ឋអាម៉េរិក និងបានស្នើសុំអនុសាសន៍ និង ការគាំទ្រពីឯកឧត្តមទេសរដ្ឋមន្ត្រីមុននឹងនាំចូល និងដាក់ឱ្យដំណើរការគម្រោងនេះជាផ្លូវការ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងផ្ដល់ការគាំទ្រចំពោះគម្រោងនេះ និងបានស្នើឲ្យ ក្រុមហ៊ុនផ្ដោតជាសំខាន់លើការប្រើប្រាស់មធ្យោបាយធ្វើដំណើរនេះនៅខេត្តសៀមរាប ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់អ្នកទេសចរណ៍នៅក្នុងតំបន់ប្រាសាទអង្គរវត្ត និងជួយកាត់បន្ថយការបំពុល បរិស្ថានផងដែរ។
ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឲ្យក្រុមហ៊ុនធ្វើការសិក្សាលើគម្រោង នេះឲ្យបានច្បាស់លាស់មុននឹងនាំចូលដាក់ឱ្យដំណើរការជាផ្លូវការ ដោយសហការជាមួយក្រសួង សាធារណការ និងដឹកជញ្ជូន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីធានាបាននូវការប្រកួតប្រជែង៕ធ.ដ