ចិនបើកការស៊ើបអង្កេតលើក្រុមហ៊ុន Alibaba ក្នុងយុទ្ធនាការប្រឆាំងនឹងអាជីវកម្មបែបទីផ្សារផ្តាច់មុខ

បរទេស ៖ នៅថ្ងៃព្រហស្បតិ៍នេះរដ្ឋាភិបាលនៃទីក្រុងប៉េកាំងបានប្រកាសថាខ្លួនទើបតែចាប់ផ្តើមបើកការស៊ើបអង្កេតមួយទៅលើក្រុមហ៊ុនយក្ស Alibaba ក្រោមបទចោទប្រកាន់ថាបានប្រើប្រាស់សកម្មភាព និងវិធីសាស្ត្របែបការប្រកួតប្រជែងទីផ្សារផ្តាច់មុខនិយមនៅក្នុងក្រុមហ៊ុនរបស់ខ្លួន។

អង្គភាពទទួលបន្ទុកកិច្ចការងារដ្ឋបាលសម្រាប់ច្បាប់នៃការប្រកួតប្រជែងក្នុងទីផ្សាររបស់ប្រទេសចិនបាននិយាយថាការស៊ើបអង្កេតដែលធ្វើឡើងចំពោះក្រុមហ៊ុន Alibaba ដែលជាភាសាចិន er xuan yi មានន័យថាក្រុមហ៊ុនបានបង្ខំឲ្យក្រុមប្រតិបត្តិករលក់រាយក្នុងការលក់ទំនិញរបស់ខ្លួននៅលើតែវេបសាយមួយប៉ុណ្ណោះ ប៉ុន្តែទោះបីជាយ៉ាងណាក្តីខ្លួនមិនបានធ្វើការបញ្ជាក់លំអិតបន្ថែមនោះទេអំពីករណីនេះ។

ឆ្លើយតបទៅនឹងករណីស៊ើបអង្កេតនេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Alibaba ម្នាក់បានអះអាងថាក្រុមហ៊ុននឹងចូលរួមសហការការងារនេះឲ្យបានសកម្មបំផុតជាមួយនឹងក្រុមអ្នកច្បាប់ ហើយទោះបីជាយ៉ាងណាក្តីអាជីវកម្មរបស់ខ្លួនគឺនៅតែដំណើរការជាធម្មតាដដែល។

គួរឲ្យដឹងដែរថាក្រោយការប្រកាសអំពីករណីស៊ើបអង្កេតនេះភ្លាម ភាគហ៊ុនរបស់ក្រុមហ៊ុនយក្ស Alibaba មួយនេះបានធ្លាក់ចុះប្រមាណជា 8 ភាគរយភ្លាមនៅក្នុងទីផ្សារនៃក្រុងហុងកុង។

រដ្ឋាភិបាលនៃប្រទេសចិនកន្លងមកធ្លាប់បានបញ្ជាក់ហើយថា យុទ្ធនាការលើកនេះធ្វើឡើងក្នុងគោលបំណងធំដើម្បីប្រឆាំងទៅនឹងអាជីវកម្មរបស់ក្រុមហ៊ុនធំៗរបស់ចិនក្នុងការប្រកួតប្រជែងដែលមិនមានភាពស្មើគ្នា និងបែបផ្តាច់មុខនិយមដោយការបង្ខំឲ្យអ្នកលក់រាយក្នុងការលក់ទំនិញរបស់ខ្លួនផ្តាច់មុខមកឲ្យក្រុមហ៊ុនជាមួយនឹងតម្លៃដែលទាបជាងតម្លៃដើមនៃការផលិត៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner