ក្រុមការងារគណកម្មការត្រួតពិនិត្យក្រសួងការពារជាតិបន្តចុះពិនិត្យមុខសញ្ញាយោធិនចូលនិវត្តន៍ ពលី និង ពិការ អតីតមន្ត្រីបុគ្គលិកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ចំនួន ៣២៤ នាក់ បន្ទាប់ពីរាជរដ្ឋាភិបាលបញ្ចូល ក្របខណ្ឌ ក្នុងកងយោធពលខេមរភូមិន្ទ
នៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ( CMAC ) ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុមការងារ គណកម្មការត្រួតពិនិត្យរបស់ក្រសួងការពារជាតិបានបន្តចុះត្រួតពិនិត្យមុខសញ្ញាយោធិនចូលនិវត្តន៍ យោធិនពលី និង ពិការ ដែលជាអតីតមន្ត្រីបុគ្គលិកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ចំនួន ៣២៤ នាក់ បន្ទាប់ពីរាជរដ្ឋាភិបាលបានដោះស្រាយគោលនយោបាយបញ្ចូលក្របខណ្ឌ ក្នុងកងយោធពលខេមរភូមិន្ទ ដល់មន្ត្រីបុគ្គលិក (CMAC)នារយៈពេលកន្លងមកកាលពីព្រឹកថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ ២០២០។
បន្ទាប់ពីឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបានទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា (CMAC) ជួបសំណេះសំណាលជាមួយមុខសញ្ញាយោធិនចូលនិវត្តន៍ដែលជាអតីតមន្ត្រី បុគ្គលិកនៃមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា( CMAC ) ដោយឯកឧត្តមបានថ្លែងនូវការដឹងគុណចំពោះបងប្អូនជាអតីតមន្ត្រីបុគ្គលិក (CMAC) ដែលត្រូវដាក់ឲ្យចូលនិវត្តន៍នាពេលនេះនឹងប្រែក្លាយខ្លួនទៅជាជីវភាពស៊ីវិលដូចប្រជាពលរដ្ឋដ៏ទៃទៀតដូច្នេះគប្បីធ្វើយ៉ាងឲ្យខ្លួនក្លាយជាប្រជាពលរដ្ឋគំរូល្អព្រមទាំងបន្តអប់រំផ្សព្វផ្សាយ អំពីគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ពិសេសត្រូវប្រឆាំងដាច់ខាតរាល់អំពើញុះញង់ដែលធ្វើឲ្យបាត់ផលប្រយោជន៍ របស់បងប្អូនអតីតមន្ត្រី បុគ្គលិក ( CMAC ) យើងនាពេលនេះ ។
ឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ជាប្រធានក្រុមការងារត្រួតពិនិត្យគោលនយោបាយ ក្រសួងការពារជាតិ បានថ្លែងពីបំណង់ប្រាថ្នារបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការយកចិត្តទុកដាក់គិតគូខ្ពស់ក្នុងការជួយឧបត្ថម្ភលើកកំពស់ជីវភាពយោធិនពិការដើម្បីកាត់បន្ថយនូវភាពក្រីក្រក្នុង ស្រទាប់យោធិនពិការយើង ដែលកន្លងមកបងប្អូនយោធិនគ្រប់រូបបានចូលរួមចំណែកយ៉ាងសកម្មក្នុងភារកិច្ចបំរើជាតិនិងប្រជាជន តាមរយៈរំដោះដីស្រែពីចំការមីនជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍជាតិ។
ឯកឧត្តម សៅ សារឿន បានស្នើរឲ្យមុខសញ្ញារក្សាសណ្តាប់ធ្នាប់ និង ត្រៀមឯកសារពាក់ព័ន្ធបង្ហាញគណៈកម្មការក្នុងពេលត្រួតពិនិត្យ ។ចំពោះក្រុមការងារជំនាញក្រុមប្រឹក្សាវាយតម្លៃត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រួតពិនិត្យមុខសញ្ញា របួស ពិការ ឲ្យបានត្រឹមត្រូវច្បាស់លាស់ក្នុងការបំពេញសំណុំលិខិតជូនមុខសញ្ញាយោធិន ជាអតីតមន្ត្រីបុគ្គលិក (CMAC ) ដែលបាត់បង់សមត្ថភាព ចូលនិវត្តន៍ ពិការ និងពលី ទាំងចំនួន ៣២៤ នាក់ នេះ ឲ្យយុត្តិធ៌ម និងទាន់ពេលវាលា ដើម្បីរៀបចំបំពេញ សំណុំលិខិត រួចផ្ទេរទៅក្រសួងសង្គមកិច្ចអតីតៈយុទ្ធជន និងយុវនិតិសម្បទា ដើម្បីគ្រប់គ្រងបន្ត ដោយដោះស្រាយនូវរបបគោលនយោបាយសន្តិសុខសង្គមប្រចាំខែជូនអស់លោក លោកស្រីដែលជាមុខសញ្ញាយោធិន បាត់បង់សមត្ថភាព ចូលនិវត្តន៍ ពិការ និងគ្រួសារពលី ដោយរស់នៅក្នុងជីវភាពសមរម្យ៕






