ស្ថានទូតខ្មែរនៅកូរ៉េខាងត្បូងបំភ្លឺជុំវិញករណីស្លាប់របស់ពលការិនីខ្មែរម្នាក់

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃ២៤ធ្នូឆ្នាំ២០២នេះ បានចេញលិខិតបំភ្លឺថា កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២០ កន្លងមក ស្ថានទូតបានទទួលព័ត៌មានផ្លូវការពីប៉ូលីសកូរ៉េ អំពីការស្លាប់ពលការិនី ផ្នែកកសិកម្មឈ្មោះ នួន សុខខេង កើតថ្ងៃទី ១៦ ខែតុលា ឆ្នាំ១៩៩០ បានទទួលមរណភាពនៅក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួននាថ្ងៃទី ២០ធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៤ និង៣០នាទីរសៀល ស្ថិតនៅតំបន់ផូឆន់។ ក្នុងករណីនោះ ស្ថានទូតកម្ពុជា សង្កេតឃើញការចុះផ្សាយព័ត៌មានមួយចំនួន ក្នុងបណ្ដាញសង្គម និងក្នុងបណ្ដាញផ្សព្វផ្សាយក្នុងស្រុកនៅសាធារណរដ្ឋកូរ៉េ អំពីការស្លាប់របស់ពលការិនីខាងលើ ដែលបានលើកហេតុផលផ្សេងៗគ្នាដែលផ្ទុយពីការពិត និងមានក្រុមឧទ្ទាមប្រឆាំងក្រៅច្បាប់មួយចំនួនតូច បានវាយប្រហារមកលើស្ថានទូតកម្ពុជា ដោយគ្មានមូលដ្ឋាន ភស្ដុតាងត្រឹមត្រូវ ដែលជាចេតនាកេងចំណេញនយោបាយពីការស្លាប់នោះ។ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ថា បន្ទាប់ពីបានទទួលរបាយការណ៍ផ្លូវការ អំពីការធ្វើកោសល្យវិច្ច័យសាកសព ដែលផ្ដល់ដោយប៉ូលីសកូរ៉េ នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២០ គឺពលការិនីឈ្មោះ នួន សុខខេង ខាងលើ បានស្លាប់បណ្ដាលមកពីមានជំងឺក្រិនថ្លើមផ្ទាល់ខ្លួនជាបញ្ហាចម្បង។ យោងទៅតាមនីតិវិធីរបស់ប៉ូលីស ជាមួយនឹងកិច្ចអន្ដរាគមន៍ និងតាមដានរបស់ស្ថានទូត ការធ្វើកោសល្យវិច្ច័យនោះនឹងត្រូវបញ្ជូនទៅតុលាការ និងរដ្ឋអាជ្ញា ធ្វើការស៊ើបអង្កេតមើលបន្តទៀត ដើម្បីឱ្យកាន់តែមានភាពច្បាស់លាស់ និងសុក្រឹត្យភាព។ ទន្ទឹមនឹងនោះ ស្ថានទូតកម្ពុជា បានទទួលការសូមទោសពីបណ្ដាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុកកូរ៉េមួយចំនួន និងបានកែតម្រូវអំពីមូលហេតុនៃការស្លាប់របស់ពលការិនីខាងលើឡើងវិញ ក្រោយពីពួកគេទទួលបានដំណឹងពីប៉ូលីសកូរ៉េដូចគ្នា។ លើសពីនោះ ស្ថានទូតកម្ពុជា តែងតែជួយសម្របសម្រួលឯកសារ ចាត់ចែងតាមនីតិវិធីក្នុងការរៀបចំពិធីបូជាសព និងសហការជាមួយការិយាល័យមេធាវី ក្រុមអ្នកច្បាប់ ក្នុងការប្ដឹងទាមទារគ្រប់ករណីទាំងអស់ ដើម្បីរកយុត្តិធម៌ឱ្យមានតម្លាភាពជូនទៅដល់ក្រុមគ្រួសារជនរងគ្រោះ ក៏ដូចជាការពារផលប្រយោជន៍របស់ពលរដ្ឋខ្មែរទាំងអស់។ នាពេលកន្លងមក ស្ថានទូតកម្ពុជា និងស្ថានទូតតាមបណ្ដាប្រទេសបញ្ជូនពលករទាំង១៥ទៀត តែងតែលើកបញ្ហា នៃការស្នាក់នៅរបស់ពលករ បញ្ហាកូវីដ និងបញ្ហាផ្សេងៗ ទៅពិភាក្សា ជាមួយអាជ្ញាធរកូរ៉េ ជាពិសេសអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េផងដែរ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner