កូរ៉េខាងជើងប្រកាសដកខ្លួនចេញពីការិយាល័យទំនាក់ទំនងអន្តរកូរ៉េនៅតំបន់ព្រំដែនជាមួយកូរ៉េខាងត្បូង
កូរ៉េខាងជើង៖ កូរ៉េខាងជើង នៅថ្ងៃសុក្រនេះ បានប្រកាសដកខ្លួនចេញពីការិយា ល័យទំនាក់ទំនងរួមគ្នាជាមួយកូរ៉េខាងត្បូង ដែលស្ថិតនៅក្នុងតំបន់ឧស្សាហកម្ម កេសុង ព្រំដែនប្រទេសកូរ៉េខាងជើង នេះបើតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ KCNA នៅយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ។
ការសម្រេចចិត្តដកខ្លួនខាងលើនេះរបស់ទីក្រុងព្យុងយ៉ាង បានកើតមានឡើងក្រោយប្អូនស្រីមេដឹកនាំកំពូលកូរ៉េខាងជើង លោកស្រី គីម យ៉ូចុង បានព្រមានកូរ៉េខាងត្បូងឲ្យបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពបង្ហោះខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង ចូលទៅក្នុងតំបន់ព្រំដែនគ្មានយោធារវាងប្រទេសទាំងពីរ ពីសំណាក់អ្នកនយោបាយរត់ចោលជួរ ពុំដូច្នោះទេកិច្ចព្រមព្រៀងយោធាទ្វេភាគីថ្មីៗនេះ នឹងត្រូវលុបចោល ។
បន្ថែមលើនេះ លោកស្រី គីម យ៉ូចុង ក៏បានព្រមានដែរថា ប្រសិនបើអាជ្ញាធរកូរ៉ខាងត្បូងនៅតែបន្តអនុញ្ញាតឲ្យសកម្មភាពចែកចាយខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង ដោយក្រុមអ្នកនយោបាយរត់ចោលជួរកើតមានឡើងទៀតនោះ ទីក្រុងព្យុងយ៉ាងអាចនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងយោធាទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាគម្រោងបើកតំបន់ឧស្សាហកម្មកេសុង ព្រមទាំងបិទការិយាល័យទំនាក់ទំនងរួមគ្នានៅតំបន់ព្រំដែនខាងជើងទៀតផង ៕ធ.ដ