ពលករខេត្តបាត់ដំបង ជាង២៣០នាក់ វិលត្រឡប់ពីថៃតាមច្រកខេត្តបន្ទាយមានជ័យនិងឧត្តរមានជ័យ ត្រូវបានបញ្ជូនឲ្យមកកាន់មណ្ឌលចត្តាឡីស័ក នៃ វិទ្យាល័យព្រះមុនីវង្ស

បងប្អូនដែលជាប្រជាពលរដ្ឋ រស់នៅខេត្តបាត់ដំបង និងជាពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន២៣២នាក់ ដែលបានឆ្លងដែនចូលមកតាមច្រកនានា ជាប់នឹងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យត្រូវបានអាជ្ញាធរនៃខេត្តទាំងពីរខាងលើនេះ ចាត់បញ្ជូនឲ្យមកកាន់ខេត្តបាត់ដំបងនៅព្រលប់ៗថ្ងៃទី២៤ខែធ្នូ២០២០នេះ តាមរយៈរថយន្តរបស់កងពលតូចដឹកជញ្ជូនលេខ៩៩ ដើម្បីឲ្យមកធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ក្នុងខេត្តបាត់ដំបងរបស់ខ្លួន ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។

បងប្អូនប្រពលករដែលបានវិលត្រឡប់មកកាន់ស្រុកកំណើតរបស់ខ្លួនវិញនេះ គឺបន្ទាប់ពីកើតមានការផ្ទុះឡើង នៃ ការឆ្លងរាលដាល ជំងឺកូវីដ-១៩ នៅខេត្តសាមុទសាខនប្រទេសថៃជាច្រើនករណី។

បងប្អូនពលករដែលវិលត្រឡប់ទាំងនោះ ត្រូវបានអាជ្ញាធរយកចិត្តទុកដាក់និងរៀបចំឲ្យចូលមកកាន់មណ្ឌលចត្តាឡីស័កខាងលើ ហើយពួកគេត្រូវបានមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្ត បាននិងកំពុងពិនិត្យសុខភាព និងយកសំណាកជាបន្តបន្ទាប់រួចមកហើយផងដែរ ។

នៅក្នុងឱកាសចុះពិនិត្យការធ្វើចត្តាឡីស័ក និងទទួលពលករ ទើបមកពីខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ នៅល្ងាចថ្ងៃទី២៤ខែធ្នូនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានជំរុញដល់មន្ត្រីសុខាភិបាល និងសមត្ថកិច្ចប្រចាំការត្រូវខិតខំយកចិត្តទុកដាក់ក្នុងការត្រួតពិនិតតាមដាននូវសុខភាពបងប្អូនពលករ ពង្រឹងការការពារបងប្អូនពលករ ដែលចូលមកធ្វើចត្តាឡីស័កនៅក្នុងមណ្ឌល ដើម្បីឲ្យពួកគាត់មានភាពកក់ក្ដៅនិងធ្វើយ៉ាងណាឲ្យពួកគាត់ចូលរួមធ្វើចត្តាឡីស័ក ឲ្យបានគ្រប់ចំនួន ១៤ថ្ងៃ ។

ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ពលករកំពុងធ្វើចត្តាឡីស័ក ត្រូវចូលរួមសហការជាមួយមន្ត្រីសុខាភិបាល និងសមត្ថកិច្ច ក្នុងការអនុវត្តតាមការណែនាំរបសប្រមុខនៃរាជរដ្ឋាភិបាល និងវិធានការការពាររបស់ក្រសួងសុខាភិបាល និងអាជ្ញាធរខេត្ត ដើម្បីរួមគ្នាទប់ស្កាត់កុំឲ្យមានរីករាលដាលនៃជំងឺកូវីដ-១៩ កាន់តែខ្លាំងក្នុងសហគមន៍កម្ពុជា។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានលើកឡើងថា ពលករដែលត្រូវបញ្ជូនមកពីខេត្តទាំងពីរខាងលើនេះ ត្រូវបានអាជ្ញាធរ នៃរដ្ឋបាលខេត្តបាត់ដំបង កំណត់រៀបចំឲ្យមកស្នាក់នៅ និងធ្វើចត្តាឡីស័ក ក្នុងវិទ្យាល័យព្រះមុនីវង្ស។ខណៈ ដែលពួកគាត់ត្រូវបានយកចិត្តទុកដាក់ ក្នុងការរៀបចំឲ្យមានកន្លែងស្នាក់នៅ និងទទួលបាន នូវ ឃីតម្នាក់មួយ (កន្ទេល មុង ភួយ ខ្នើយ) ដែលជាអំណោយសម្តេចតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឺទ្ធបណ្ឌិតរួមទាំងអាហារចំនួន៣ពេលក្នុងមួយថ្ងៃផងដែរដែលរដ្ឋបាលខេត្តបានរៀបចំជូនបងប្អូនទាំងនោះ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner