សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក បាននាំយកបរិក្ខារពេទ្យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ប្រគល់ជូនមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

អត្ថបទដោយ៖
ធី ដា

នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា និងសហការី បាននាំយកបរិក្ខារពេទ្យ ដែលជាអំណោយដ៏ថ្លាថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ប្រគល់ជូនទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីចូលរួមចំណែកជាមួយក្រុមគ្រូពេទ្យឆ្នើមៗរបស់យើងក្នុងការការពារ និងព្យាបាលជំងឺកូវីដ១៩ ដែលសម្ភារៈទាំងអស់រួមមាន ៖ អាវ PPE ចំនួន 0៣ កេស អាល់កុលចំនួន២០កាដុង ម៉ាស់ចំនួន ១ម៉ឺន ជែលលាងដៃចំនួន២០កេស និងសាប៊ូលាងដៃចំនួន២០កាដុង ។

ជាមួយនឹងការពាំនាំបណ្តាំសួរសុខទុក្ខ និងការថ្លែងអំណរគុណពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ មកជូនដល់ក្រុមទាហានអាវស ដែលបានធ្វើពលិកម្មមិនខ្លាចការនឿយហត់ សុខចិត្តឃ្លាតឆ្ងាយពីក្រុមគ្រួសារ ដើម្បីមកប្រឈមមុខនឹងជំងឺដ៏កាចសាហាវ កូវីដ១៩ ដើម្បីធានានូវភាពសុខដុមរមនារបស់ប្រជាជន ឯកឧត្តមបណ្ឌិត ក៏បានធ្វើការកោតសរសើរដោយស្មោះពីសមត្ថភាពនៃក្រុមគ្រូពេទ្យជួរមុខយើង ដែលបានព្យាបាលអ្នកជំងឺកូវីដ១៩ ដោយមិនមានការរើសអើងជាតិសាសន៍ ឬពណ៌សម្បុរឲ្យបានជាសះស្បើយជាបន្តបន្ទាប់ ដោយមិនមានការស្លាប់បាត់បង់ជីវិតអ្នកជំងឺណាម្នាក់ ជាពិសេសក្រុមគ្រូពេទ្យយើងបានប្តេជ្ញាចិត្តអនុវត្តដោយជោគជ័យនូវអនុសាសន៍ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជាបន្តបន្ទាប់ផងដែរ។

ជាការឆ្លើយតប លោកវេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានថ្លែងអរគុណឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ដែលជានិច្ចកាលបានឧបត្ថម្ភគាំទ្រ និងគិតគូរពីសុខទុក្ខរបស់ក្រុមគ្រូពេទ្យយើង ហើយលោកវេជ្ជបណ្ឌិតសន្យានឹងយកអំណោយនេះប្រើប្រាស់ឲ្យបានចំទិសដៅ និងខិតខំបន្តទៀតក្នុងបុព្វហេតុសុខភាពរបស់ប្រជាពលរដ្ឋយើង ក៏ដូចជាការពិនិត្យ និងព្យាបាល ជំងឺកូវីដ១៩ឲ្យអស់ពីសមត្ថភាព៕ ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner