កាលីហ្វ័រញ៉ាអនុញ្ញាតឲ្យប្រើប្រាស់រថយន្តរ៉ូបូតបម្រើសេវាកម្មដឹកជញ្ជូនទំនិញជាលើកដំបូង

បរទេស​ ៖ ក្រោយការរង់ចាំអស់រយៈពេលជិត 1 ឆ្នាំកន្លងមកទីបំផុតក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលមានឈ្មោះថា Nuro ត្រូវបានទទួលអជ្ញាបណ្ណជាផ្លូវការហើយពីសំណាក់ក្រុងកាលីហ្វ័រញ៉ាដើម្បីអាចដំណើរការរ៉ូបូតសម្រាប់ដឹកជញ្ជូនទំនិញរបស់ខ្លួន​ និងក៏ជាលើកដំបូងរបស់ក្រុងនេះផងដែរ។

យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC បានឲ្យដឹងថា Nuro នឹងចាប់ផ្តើមដំណើរការរថយន្តដឹកជញ្ជូនខ្នាតតូចដែលគ្មានអ្នកបើកបររបស់ខ្លួនចាប់ពីដើមឆ្នាំក្រោយនេះហើយ។ ការធ្វើតេស្តចុងក្រោយរបស់ក្រុមហ៊ុនទៅលើរ៉ូបូតប្រភេទ R2 គឺបានធ្វើឡើងតាំងតែពីខែមេសាមកម្ល៉េះ។

ទោះបីជាយ៉ាងណាក្តីរថយន្តមួយនេះនឹងត្រូវកំណត់ឲ្យអាចបើកបរក្នុងល្បឿនប្រមាណតែជា 56 គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះក្នុងកម្រិតអតិប្បរិមា​ ហើយនៅក្នុងស្ថានភាពអាកាសធាតុដែលធម្មតាផងដែរ។

លោក Steve Gordon ប្រធាននាយកដ្ឋានទទួលបន្ទុកកិច្ចការងារទោចក្រយានយន្តបាននិយាយថា​ ៖ ការផ្តល់សិទ្ធិក្នុងការដំណើរការរថយន្តរ៉ូបូតសម្រាប់សេវាដឹកជញ្ជូនទំនិញជាលើកដំបូងនេះនឹងក្លាយទៅជាបដិវត្តនៃការប្រើប្រាស់រថយន្តស្វ័យប្រវត្តិរបស់រដ្ឋកាលីហ្វ័រញ៉ា៕

គួរឲ្យដឹងដែរថា Nuro ត្រូវបានបង្កើតឡើងដំបូងដោយស្ថាបនិក 2 រូបដែលជាអតីតវិស្វកររបស់ក្រុមហ៊ុន Google និងទទួលបានការបណ្តាក់ទុនមួយចំនួនពីសំណាក់ធនាគារជប៉ុន Softbank។ក្រៅតែពីអាចបើកបរដោយខ្លួនឯង R2 រថយន្តរ៉ូបូតមួយនេះអាចប្រើប្រាស់រ៉ាដាដើម្បីកំណត់ទិសដៅព្រមទាំងបំពាក់បច្ចេកវិទ្យាកាម៉េរា 360 ដឺក្រេទៀតផង៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner