សម្តេចតេជោ ហ៊ុន សែន រំលឹកប្រជាពលរដ្ឋឱ្យបន្តប្រកាន់ខ្ជាប់នូវស្មារតីថែរក្សាសុខភាព ការពារការឆ្លង ជំងឺកូវីដ១៩ និងរំលឹកអាជ្ញាធរ ឱ្យពិនិត្យ ភោជនីយដ្ឋាន ផ្សារ និងកន្លែងប្រជុំជន ពីការអនុវត្តន៍វិធានការ បង្ការជំងឺកូវីដ១៩
ភ្នំពេញ៖ នៅលើទំព័រ Facebook នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា បានធ្វើការកត់សម្គាល់ថា ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅលើពិភព លោកមិនទាន់បានថមថយនៅឡើយទេ ហើយបានរីកសាយភាយទៅដល់ប្រទេស និងដែនដីចំនួន២១៦ហើយ ។ ជំងឺ ឆ្លងសាកលមួយនេះ បាននិងកំពុងបន្តឆ្លង និងសម្លាប់មនុស្សជារៀងរាល់ថ្ងៃ ។
ជាមួយគ្នានេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានក្រើនរំលឹកដល់អាជ្ញាធរមានសមត្ថកិច្ច ឱ្យបន្តពិនិត្យនៅ តាមភោជនីយដ្ឋាន ផ្សារតូចធំ កន្លែងប្រជុំជន រួមទាំងកន្លែងប្រមូលផ្តុំមនុស្សច្រើន ពីការអនុវត្តវិធានការបង្ការ ការឆ្លង រីករាលដាលជំងឺកូវីដ១៩ ព្រោះថា ការរីករាលដាលនៃជំងឺនេះលើពិភពលោក មិនទាន់ថមថយនៅឡើយនោះទេ ។
សម្តេចតេជោ ក៏បានរំលឹកប្រជាពលរដ្ឋ ឱ្យបន្តប្រកាន់ខ្ជាប់នូវស្មារតីថែរក្សាសុខភាព ការពារការឆ្លងជំងឺកូវីដ១៩ ដោយ ដាក់តាមខ្លួនជាប់ជាប្រចាំនូវម៉ាស លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល និងជែលជាដើម ។ ទន្ទឹមគ្នានេះ សម្តេច តេជោ នាយករដ្ឋមន្ត្រី បានរំលឹកផងដែរទៅកាន់អាជ្ញាធរមានសមត្ថកិច្ចពិនិត្យនៅតាមភោជនីយដ្ឋាន ផ្សារតូចធំ ទីកន្លែង ប្រជុំជន និងកន្លែងប្រមូលផ្តុំមនុស្សច្រើន តើមានអនុវត្តន៍តាមវិធានបង្ការជំងឺកូវីដ១៩ ដូចការណែនាំក្រសួងសុខា ភិបាលដែរឬទេ? សម្តេចតេជោ បានសង្កត់ធ្ងន់ថា នៅតាមគ្លីនិកព្យាបាលជំងឺ និងមន្ទីរពេទ្យ ត្រូវតែមានជែល ឬទឹក អាល់កុល និងម៉ាស សម្រាប់មនុស្សចេញចូលក្នុងមន្ទីរពេទ្យប្រើប្រាស់ ដើម្បីការពារការឆ្លងរាលដាលមេរោគពីមនុស្ស ម្នាក់ទៅម្នាក់ទៀត។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវផងដែរទៅកាន់ប្រជាពលរដ្ឋឱ្យបន្តសហការជាមួយក្រសួងសុខាភិបាល មន្ទីរ ពេទ្យ និងរាយការណ៍ជាបន្ទាន់ទៅកាន់លេខ១១៥ ប្រសិនបើមានការសង្ស័យណាមួយអំពីជំងឺឆ្លងកូវីដ១៩។ ជាមួយ គ្នានេះ ត្រូវតាមដាន និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាប្រចាំអំពីវិធីទប់ស្កាត់ការឆ្លងជំងឺកូវីដ ១៩។ សម្តេចតេជោ ក៏បានអរគុណដល់អ្នកសាព័ត៌មាន វិទ្យុ ទូរទស្សន៍ និងភ្នាក់ងារផ្សព្វផ្សាយអនឡាញ ដែលបានចូលរួម ផ្សព្វផ្សាយព័ត៌មានកូវីដ១៩ ទាន់ហេតុការណ៍ និងវិធីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅទូទាំងប្រទេស។
សូមបញ្ជាក់ថា ការរីករាលដាលជំងឺកូវីដ១៩ នៅតែបន្តមានភាពស្រួចស្រាវ មិនទាន់ថមថយនៅឡើយនោះទេ ។ មក ដល់ព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ មនុស្សនៅទូទាំងពិភពលោកជិត៧លាននាក់ហើយ បានឆ្លងជំងឺកូវីដ១៩។ ក្នុងនោះមនុស្សជិត ៤០ម៉ឺននាក់បានស្លាប់ ហើយជាង ៣លាននាក់ បានព្យាបាលជាសះស្បើយឡើងវិញ។ សម្រាប់នៅ កម្ពុជា អ្នកឆ្លងជំងឺកូវីដ១៩សរុបមានចំនួន ១២៥នាក់ ព្យាបាលជា ១២៣នាក់ ខណៈអ្នកជំងឺ២នាក់ កំពុងព្យាបាល ៕ធ.ដ