ក្រសួងសុខាភិបាលព្រមានចាត់វិធានការច្បាប់ចំពោះម្ចាស់សេវាសុខាភិបាលឯកជនណាដែលដែលបន្តចេញវេជ្ជបញ្ជាដោយសរសេរដៃ ខ្ជីខ្ជា អានមិនដាច់
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃ២១ធ្នូឆ្នាំ២០២០ និងត្រូវបានផ្សព្វផ្សាយនៅថ្ងៃ២៥ធ្នូ ជូនចំពោះម្ចាស់សេវាសុខាភិបាលឯកទាំងអស់ថា រយៈពេលកន្លងមក ក្រសួងសុខាភិបាលសង្កេតឃើញកន្លែងព្យាបាលជំងឺឯកជនមួយចំនួនបានអនុវត្តន៍ត្រឹមត្រូវទៅតាមសារាចរណែនាំរបស់ក្រសួងសុខាភិបាល ស្ដីពីការចេញវេជ្ជបញ្ជាតាមកុំព្យូទ័រ។ ទន្ទឹមនឹងនោះដែរ ក៏នៅមានកន្លែងព្យាបាលជំងឺឯកជនមួយចំនួនទៀត នៅតែមិនព្រមអនុវត្តន៍ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការចេញវេជ្ជបញ្ជាកុំព្យូទ័រ ដោយនៅតែបន្តការចេញវេជ្ជបញ្ជាសរសេរដោយដៃ ខ្ជីខ្ជា អានមិនដាច់ និងមិនត្រឹមត្រូវតាមក្បួនខ្នាតវេជ្ជសាស្ត្រ។
ក្រសួងសុខាភិបាល បានណែនាំឲ្យម្ចាស់សេវាសុខាភិបាលឯកជនទាំងអស់ អនុវត្តន៍ឲ្យបានត្រឹមត្រូវទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការចេញវេជ្ជបញ្ជាតាមកុំព្យូទ័រឲ្យបានទាំងអស់គ្នា។ ក្នុងករណីដែលនៅមានកន្លែងព្យាបាលជំងឺឯកជនណាមួយមិនព្រមគោរពទៅតាមការណែនាំខាងលើនោះទេ ក្រសួងសុខាភិបាលនឹងមានវិធានការយ៉ាងហ្មឺងម៉ាត់បំផុតចំពោះកន្លែងព្យាបាលនោះ និងធ្វើការផាកពិន័យជាប្រាក់៥លានរៀល តាមប្រកាសអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយក្រសួងសុខាភិបាល ឬដកអាជ្ញាបណ្ណ័មកវិញ ព្រមទាំងបិទកន្លែងព្យាបាលមិនឲ្យព្យាបាលអ្នកជំងឺតទៅទៀតឡើយ៕