ថៃបំបែករឿងក្តីករណីដែលនាំឲ្យមានការផ្ទុះកូវីដនៅខេត្តសមុទ្រសាខន
បាងកក ៖ ក្រោយហេតុការណ៍ផ្ទុះកូវីដក្នុងសហគមន៍លើកទី 2 នៅក្នុងប្រទេសថៃចេញពីខេត្តសមុទ្រសាខនរួចមកហើយពលរដ្ឋថៃដែលជាអ្នកនិយមលេងបណ្តាញសង្គមជាច្រើនបាននាំគ្នាធ្វើការបន្ទោស និងរិះគន់ចំៗទៅលើសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងជនចំណាកស្រុកខុសច្បាប់ដែលត្រូវបានខ្លួនគិតថាគឺជាឬសគល់ដែលបណ្តាលឲ្យមានរឿងនេះកើតឡើងសាជាថ្មី។
ជាការឆ្លើយតបអជ្ញាធរបានស្វែករកការពិតដើម្បីឆ្លើយតបទៅនឹងបញ្ហារិះគន់ដោយក្នុងនោះកាសែតបាងកកប៉ុស្ត៍បានចេញផ្សាយថាលោកនាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha កាលពីម្សិលមិញបានប្រកាសថាលោកបានកំណត់បានអត្តសញ្ញាណមន្ត្រីរដ្ឋាភិបាលជាច្រើនរូបហើយដែលនឹងត្រូវអាចចោទប្រកាន់បានថាជាអ្នកជួញដូរជនចំណាកស្រុកខុសច្បាប់នាពេលកន្លងមក។
គួរឲ្យដឹងដែរថាការឈានទៅដល់ការបំបែករឿងក្តីមួយនេះត្រូវបានធ្វើឡើងនៅបន្ទាប់ពីមេបញ្ជាការយោធាកំពូលរូបនេះបានស្នើឲ្យពលរដ្ឋរបស់ខ្លួនក្នុងការផ្តល់ព័ត៌មានទាំងឡាយណាអំពីមន្ត្រីដែលពាក់ព័ន្ធទៅនឹងការជូញដូរមនុស្សខុសច្បាប់តាមព្រំដែននាពេលកន្លងមកដែលត្រូវបានមនុស្សពេញប្រទេសដាក់ការស្តីបន្ទោសថាជាកត្តាដែលបានធ្វើឲ្យមានការរីករាលដាលនៃកូវីដ19 សាជាថ្មីនៅប៉ុន្មានសប្តាហ៍នេះ។
លោកនាយករដ្ឋមន្ត្រីថៃក៏បានមានប្រសាសន៍ដែរថា៖គណៈរដ្ឋមន្ត្រីនៃប្រទេសថៃនៅសប្តាហ៍ក្រោយនឹងធ្វើការកោះប្រជុំគ្នាមួយដើម្បីអាចពិនិត្យមើលសំណើររបស់ក្រសួងការងារក្នុងការអនុញ្ញាតឲ្យក្រុមជនចំណាកស្រុកខុសច្បាប់ទាំងអស់អាចចុះឈ្មោះបណ្តោះអាសន្ននៅក្នុងប្រព័ន្ធការងាររបស់ថៃហើយធ្វើបែបនេះនឹងអាចធ្វើឲ្យអជ្ញាធរអាច
ឈានទៅដល់ការគ្រប់គ្រងវិរុសនេះបានសាជាថ្មី៕