អាជ្ញាធរខណ្ឌដូនពេញចុះត្រួតពិនិត្យការងារស្តារលូ មូបលូ បាញ់ទឹកលាងសម្អាត មាត់លូមានសម្រាម និងដីភក់ ក្នុងមូលដ្ឋាន
ភ្នំពេញ៖ នាពេលបច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញបានបន្តឲ្យកម្លាំងជំនាញចុះធ្វើការផ្លាស់ប្ដូរប្រព័ន្ធលូ ពីតូចមកធំ នៅតាមមហាវិថី និងវិថីតូចធំនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញដើម្បីបង្ហូទឹកបានលឿនជាងមុន ព្រោះពេលភ្លៀងម្ដងៗតែងតែលិចផ្លូវមួយចំនួន កន្លងមកធ្វើឱ្យបងប្អូន ប្រជាពលរដ្ឋ ពិបាកធ្វើដំណើរ ដូច្នេះ សាលារាជធានីក៏បានបន្តសកម្មភាពមួយផ្នែកទៀត មូបលូ និងបាញ់ទឹកលាងសម្អាត ដែលមាត់លូមានសម្រាមនិងដីភក់ បង្កការស្ទះលូ ដើម្បីបង្ហូទឹក បានលឿនជាងមុន ថែមទាំងលើកសោភ័ណភាពនៅក្នុងទីក្រុងភ្នំពេញផងដែរ ។
ជាក់ស្ដែងនៅវេលាម៉ោង ១០ព្រឹក ថ្ងៃព្រហស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ បានអញ្ជើញចុះត្រួតពិនិត្យការងារស្តារលូ ដោយអូសកៅឡាក់បំពង់លូចាស់ នៅបណ្តោយផ្លូវលេខ១៣ ចន្លោះពី១១០ ដល់ផ្លូវលេខ១៨៣ ប្រវែង ១,៦៣៨.៥ម៉ែត្រ ដែលជាកញ្ជប់ថវិការបស់រដ្ឋបាលខណ្ឌដូនពេញឆ្នាំ២០២០។
សូមបញ្ជាក់ផងដែរ កន្លងមករដ្ឋបាលរាជធានីភ្នំពេញបានបន្តគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយ លូ ក្នុងរាជរាធានីភ្នំពេញ ជំហានទី៤ ហិរញ្ញប្បទានឥតសំណងពីប្រជាជនជប៉ុនជាសក្ខីភាពនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា ដាក់បណ្តាញលូមេ មានជាច្រើនគម្រោងមកហើយរួមមាន ផ្លូវលេខ៣១៥ ផ្លូវលេខ៤៧ ផ្លូវលេខ៥៩២ …-ល-។ ដើម្បីដោះស្រាយទឹកលិចពេលមានភ្លៀងធ្លាក់ខ្លាំងម្ដងៗ បង្ហូរទឹកទាន់ពេលវេលា។
នាឱកាសនេះ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ក៏បានបន្តចុះត្រួតពិនិត្យការងារផ្សារចំរឹងដែកដាក់តាមមាត់អណ្តូងលូចំនួន ០៩អណ្តូង តាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ដើម្បីកុំអោយសំរាម ឬកាកសំណល់ផ្សេងៗ ហូរចូលលូនៅពេលមានភ្លៀងធ្លាក់ ដែលជាហេតុបណ្តាលឱ្យស្ទះលូផងដែរ៕ អត្ថបទ&រូបភាព៖ កុម្ភៈ