ថវិកា៩០លានរៀល របស់សមាគមមិត្តនគរ បាលជាតិកម្ពុជា ត្រូវបានផ្តល់ជូនគ្រួសារសព មន្រ្តីនគរបាលមរណៈចំនួន១៥គ្រួសារ ក្នុងរាជា ធានីភ្នំពេញ
លោកឧត្តម សេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារ ធនធានមនុស្ស តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជួបសំណេះ សំណាលសាកសួរសុខទុក្ខ និងនាំយកថវិកា៩០លានរៀល របស់សមាគមមិត្តនគរបាលជាតិកម្ពុជា ជូនដល់គ្រួសារសពមន្រ្តីនគរបាលមរណៈចំនួន១៥គ្រួសារ ដើម្បីយកថវិការទាំងនោះទៅចាត់ចែងដោះស្រាយនៅក្នុងជីវភាពប្រចាំថ្ងៃ។
លោកឧត្តម សេនីយ៍ទោ ហ៊ុន សុធី មានប្រសាសន៍នាំយកការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមស ថេត សូមចូលរួមរំលែកទុក្ខ និងសោកស្តាយនូវការបាត់បង់មន្រ្តីនគរបាលដែលមានស្នាដៃល្អ និងលះបង់សព្វបែបយ៉ាងក្នុងការបំពេញភារកិច្ចការងារថែរក្សាការពារសន្តិសុខ ធានាបាន សុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋទូទៅនៅក្នុងរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ទោ បន្ថែមទៀតថា សូមបងប្អូនគ្រួសារនគរបាលទាំងអស់កុំអស់សង្ឃឹម និងបន្តបំពេញភារកិច្ចប្រកបមុខរបរដើម្បីចិញ្ចឹមជីវិតឱ្យបានរឹងមាំទៅមុខ។ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគោលការណ៍ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិនិងឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅតែបន្តយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រគ្រប់កាលៈទេសៈដល់គ្រួសារនគរបាល ដោយមិនបោះបង់ និងបំភ្លេចនូវវីរភាពអង់អាចមុះមុតចំពោះពួកគាត់ និងក្រុមគ្រួសារដែលមានគុណបំណាច់ចំពោះជាតិនិងមាតុភូមិ ជាពិសេសបន្តជួយលើកទឹកចិត្តផ្គត់ផ្គង់ទ្រងទ្រង់ជីវភាពគ្រួសារ ដែលកំពុងរស់នៅធ្វើយ៉ាងណាឱ្យពួកគាត់មានក្តីសង្ឃឹមនិងមានភាពកក់ក្តៅ។
លោកឧត្តមសេនីយ៍ស្នងការរងក៏បានផ្តាំផ្ញើដល់គ្រួសារនគរបាលខាងលើនៅក្នុងកាលៈទេសៈនេះត្រូវការពារទប់ស្កាត់បង្ការជម្ងឺឆ្លងផ្លូវដង្ហើមថ្មីកូវីដ១៩ ឱ្យបានខ្ជាប់ខ្ជួន ដោយកុំធ្វេសប្រហែស ពីព្រោះជម្ងឺនេះបានកំពុងរាតត្បាតជាសកល និងឆ្លងរាលដាលជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា និងត្រូវអនុវត្តវិធានការអនា ម័យជាប្រចាំ។
សូមបញ្ជាក់ថា គ្រួសារសពមន្រ្តីនគរបាល១៥គ្រួសារ ដែលមកទទួលថវិកាសមាគមមិត្តនគរបាលជាតិក្នុងនោះ០១គ្រួសារទទួលបានថវិកា៦លានរៀល៕ ដោយ៖សំ វិច្ឆការ